(សៀមរាប)៖ ភ្ញៀវទេសចរយ៉ាងច្រើនកុះករបានទៅទស្សនាសួនរុក្ខជាតិអង្គរ ដែលមានទីតាំងក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក្នុងនោះសម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ភ្ញៀវទេសចប្រមាណ៧,៧១៥នាក់បានចូលមកទស្សនា និងកោតសសើរអំពីភាពស្រស់ស្អាតនៅក្នុងសួនរុក្ខជាតិអង្គរនេះ។

គួរជម្រាបថា សួនរុក្ខជាតិអង្គរត្រូវបានសម្ពោធ និងបើកឱ្យភ្ញៀវចូលទស្សនាកម្សាន្តកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

កញ្ញា ឌិន គឹមរាណ អាយុ១៦ឆ្នាំ ជាភ្ញៀវទេសចរមកពីស្រុកពួក ខេត្តសៀមរាប បានបង្ហាញក្តីសប្បាយរីករាយនូវពេលមកទស្សនាសួនរុក្ខជាតិអង្គរ ក្រោយពេលអាជ្ញាធរជាតិអប្សរាបើកសម្ពោធ និងបើកឱ្យភ្ញៀវចូលទស្សនាដោយមិនគិតថ្លៃ។ កញ្ញាបន្តទៀតថា សួននេះមានទីធ្លាធំទូលាយ និងមានប្រភេទរុក្ខជាតិកម្រៗជាច្រើនប្រភេទ ដែលកញ្ញាមិនធ្លាប់ឃើញពីមុនមក ហើយដើមឈើទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ជាពិសេសកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងសិក្សាស្វែងយល់។

ចំណែកលោក ជា ម៉េងលី ប្រជាពលរដ្ឋមកពីសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានលើកឡើដែរថា លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតជាសួនរុក្ខជាតិអង្គរយ៉ាងស្រស់ស្អាតលើទឹកដីក្រុងសៀមរាប។ លោកបន្តថា សួនរុក្ខជាតិអង្គរនេះពិតជាមានភាពទាក់ទាញយ៉ាងខ្លាំងដោយសារការរៀបចំសួនក្នុងរចនាបទខ្មែរ មានធម្មជាតិស្រស់បំព្រង ផ្ការីកស្គុះស្គាយចោលក្លិនក្រអូប ធ្វើឱ្យអ្នកទេសមកទស្សនាមិនចេះជិនណាយ។

លោក ជា ម៉េងលី សំណូមពរដល់ភ្ញៀវទេសចរដែលមកទស្សនាសួនរុក្ខជាតិអង្គរនេះសូមចូលរួមថែរក្សាអនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ថែរក្សាដើមឈើ ផ្កា ស្មៅដែលបានដាំដុះ ដើម្បីភាពបៃតងស្រស់ស្អាតក្នុងតំបន់រមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា សួនរុក្ខជាតិអង្គរបានក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀតនៅក្នុងក្រុងសៀមរាប ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតឡើង ដោយមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើមនៃពូជជាង៥០០ប្រភេទ ដូចជា ដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថាជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅប្រទេសកម្ពុជា ដោយសារតែសួននេះស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះក៏មានសួនសត្វជាច្រើនប្រភេទ ដូចជា អណ្តើក ក្ងោក ព្រាប ទន្សាយ និងសត្វស្លាបប្រវាំងជាដើម៕