(ព្រៃវែង)៖ គម្រោងបុរីទំនើប និងភូមិលម្ហែធំជាងគេទី១ ក្នុងខេត្តព្រៃវែង ត្រូវបានសម្ពោធចាប់ផ្តើមសាងសង់ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅទីតាំងក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ចម្ងាយ ៥០០ម៉ែត្រខាងលិចរង្វង់មូលស្វាយអន្ទរ ក្រោមអធិបតីភាពរបស់ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីនៃរដ្ឋបាលខេត្ត អាជ្ញាធមូលដ្ឋានឃុំ-ស្រុក លោកឌិន សុមេធារិទ្ធ និងសមាជិកនៃក្លឹបសេដ្ឋធុរជន ព្រមទាំងមានការចូលរួមពីសំណាក់ ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។

គម្រោងបុរីមង្គលវីឡា ព្រៃវែងបុរី ជាគម្រោងបែបផ្ទះអាជីវកម្ម លំនៅដ្ឋានបែបទំនើប និងលំនៅដ្ឋានលម្ហែ ដែលជាគម្រោងអភិវឌ្ឍទី២ ដែលដឹកនាំអភិវឌ្ឍដោយ ស្ថាបត្យករ ឌិន សុមេធារិទ្ធ ដែលជាស្ថាបនិកភូមិផ្កាត្រកួន និងជាម្ចាស់សណ្ឋាគារ Frangipani។

លោក ឌិន សុមេធារិទ្ធ បានមានប្រសាសន៍ថា ក្នុងនាមលោកជាស្ថាបត្យករខ្លួនឯង និងមានចំណេះដឹងលើការអភិវឌ្ឍទីក្រុង លោកសម្លឹងឃើញថា តំបន់រង្វង់មូលស្វាយអន្ទរនេះ នឹងក្លាយជាតំបន់សេដ្ឋកិច្ចចម្រុះ និងកណ្តាលសម្រាប់ខេត្តជាច្រើនដែលរួមមានខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគីរី ព្រមទាំងប្រទេសវៀតណាមផងដែរ។ បុរីមង្គលវីឡា ព្រៃវែងបុរីនេះ មានហេដ្ឋារចនាសម្ព័ន្ធប្រៀបបាននឹងក្រុងរណបមួយរបស់ខេត្តព្រៃវែង ដោយបុរីនឹងមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើនដូចជា សាលារៀន ក្លឹបកីឡា ផ្សារ កន្លែងបោះដុំអីវ៌ាន់ មន្ទីពេទ្យ សណ្ឋាគារ ធនាគារ សួនច្បារ អាហារដ្ឋានចម្រុះ សួនកម្សាន្ត រមណីយដ្ឋាន និងបឹងធម្មជាតិដ៍ធំសម្រាប់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរសម្រាកលម្ហែកាយ។ គម្រោងទី១ដែលដាក់សម្ពោធការសាងសង់ជាផ្លូវការទីនេះមានទំហំ៤០ហិចតា ដែលក្នុងនោះផ្ទៃបឹងនិងសួនកម្សាន្តមាន១០ហិចតា។

ក្នុងឱកាសនាថ្ងៃសម្ពោធបើកគម្រោងជាផ្លូវការនេះ ក៏មានការចុះហត្ថលេខារវាងមង្គលវីឡា ព្រៃវែងបុរី ជាមួយក្រុមហ៊ុន វេសឡាញ អេឌ្យូខេស្ហិន គ្រុប ដើម្បីសាងសង់និងអភិវឌ្ឍសាលារៀននៅក្នុងបុរីនេះផងដែរ។ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងបុរីនេះនឹងទទួលបានការផ្តល់ជូនពិសេសសម្រាប់ការសិក្សារបស់បុត្រធីតា។ គម្រោងបុរីមង្គលវីឡា ព្រៃវែងបុរីនេះ ចាប់ផ្តើមសាងសង់ជាផ្លូវការចាប់ពីថ្ងៃ២២ ខែឧសភា ឆ្នាំ២០២២តទៅ ហើយគ្រោងនឹងបញ្ចប់ការអភិវឌ្ឍក្នុងរយៈពេល៣ឆ្នាំ។ អតិថិជនដែលចាប់អារម្មណ៍ទិញផ្ទះអាជីវកម្ម លំនៅដ្ឋានបែបទំនើប និងដីឡូ អាចទំនាក់ទំនងសាកសួរព័ត៌មានពីថ្ងៃនេះតទៅ។

លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រយ៉ាងពេញទំហឹងលើការអភិវឌ្ឍគម្រោងមង្គលវីឡា ព្រៃវែងបុរីនេះ។ លោកមានប្រសាសន៍ថាគម្រោងនេះនឹងលើកមុខមាត់សម្រស់ខេត្តព្រៃវែង ជាពិសេសគឺស្រុកស្វាយអន្ទរនេះតែម្តង ហើយតំបន់រង្វង់មូលស្វាយអន្ទរនេះ ជាតំបន់សេដ្ឋកិច្ចចម្រុះភ្ជាប់ទៅខេត្តជាច្រើនទៀត។ គម្រោងមង្គលវីឡា ព្រៃវែងបុរីនេះនឹងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសផ្តល់ឱកាសមុខរបរនិងការងារជាច្រើនដល់ប្រជាពលរដ្ឋ។

ប្រជាជនក្នុងឃុំស្វាយអន្ទរដែលបានអញ្ជើញមកចូលរួមកម្មវិធីសម្ពោធគម្រោងមង្គលវីឡា ព្រៃវែងបុរីនេះបានសម្តែងអំណរសាទររីករាយជាខ្លាំងដែលគម្រោងនេះនេះនឹងរួមចំណែកអភិវឌ្ឍតំបន់រង្វង់មូលស្វាយអន្ទរនេះឱ្យក្លាយជាតំបន់សេដ្ឋកិច្ច ជាសហគមន៍រស់នៅទំនើប និងជាកន្លែងប្រមូលផ្តុំនូវកន្លែងកំសាន្តដ៏ធំមួយបែបនេះ។

គួរឱ្យកត់សម្គាល់ថា ក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ជាពិសេសការអភិវឌ្ឍលំនៅដ្ឋាន និងហេដ្ឋរចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចនានាដែលធានាបាននូវការលើកកម្ពស់សេដ្ឋកិច្ចប្រទេសជាតិ និងជីវភាពប្រជាជន៕