(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ អង្គការអុកស្វាម និងមូលនិធិ Laudes Foundation បានសហការគ្នាដាក់ឱ្យអនុវត្តគម្រោង «កិច្ចគាំពារសង្គមប្រកប ដោយបរិយាបន្ន ដែលឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ» (ហៅកាត់ថា INSPIRE) ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន សម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ។

អង្គការអុកស្វាម ក្រោមការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីមូលនិធិ Laudes Foundation បានសហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងសហជីព-សហភាពកម្មករចំនួនបួន ដើម្បីអនុវត្តគម្រោងមួយដែលមានឈ្មោះថា «កិច្ចគាំពារសង្គមប្រកបដោយដោយបរិយាបន្នដែលឆ្លើយតបទៅនឹងតម្រូវការ របស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ»។
គម្រោងនេះ អនុវត្តរួមគ្នាជាមួយដៃគូ និងអ្នកពាក់ព័ន្ធពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នសម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរនៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើកិច្ចគាំពារសង្គមសម្រាប់ទាំងអស់ពលរដ្ឋទាំងអស់គ្នា។ ការយកចិត្តទុកដាក់នេះ គឺសរបញ្ជាក់ឱឲ្យឃើញតាមរយៈ ការផ្តួចផ្តើមអនុវត្តគោលនយោបាយគាំពារសង្គមមួយចំនួន ជាពិសេសបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ តាមរយៈគោលនយោបាយនេះកម្មករនិយោជិតអាចទទួលបានសេវាថែទាំសុខភាព និងត្រូវបានគាំពារពីការរងរបួសនៅកន្លែងធ្វើការ ដែលមានសារៈសំខាន់ណាស់ចំពោះសុខុមាលភាព និងភាពធន់របស់ពួកគេ។ ជាក់ស្តែង របាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម ឆ្នាំ២០២០ បានកត់សម្គាល់ឃើញថា កម្មការិនីកាត់ដេរសរុបចំនួន ៨ ម៉ឺននាក់បានទទួលប្រាក់ឧបត្ថម្ភមាតុភាពពីរដ្ឋាភិបាល ដែលមានទឹកប្រាក់សរុបប្រមាណជា ៧,៩ លានដុល្លារអាមេរិក។

បន្ថែមលើនេះទៀត នៅពេលកម្ពុជារងសម្ពាធខ្លាំងពីការរាតត្បាតនៃកូវីដ-១៩ កម្មករនិយោជិតដែលបាត់បង់ការងារ ក៏ត្រូវបានផ្តល់ការគាំទ្រក្នុងទម្រង់ជាសាច់ប្រាក់ផងដែរ។ ទាំងនេះសរបញ្ជាក់ឲ្យឃើញថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរកការកសាងភាពធន់ និងសង្គមមួយប្រកបដោយបរិយាបន្ន។

តាមរយៈការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា គម្រោង INSPIRE នេះនឹងជួយពង្រឹង និងពង្រីកគោលនយោបាយ ប.ស.ស និងជួយជ្រោមជ្រោមរាជរដ្ឋាភិបាលដោះស្រាយបញ្ហាសេសសល់មួយចំនួនទៀត ក្នុងចំណោមកម្មករនិយោជិត (ជាពិសេស គឺកម្មករនិយោជិតកិច្ចសន្យា) ក្នុងវិស័យកាត់ដេររួមមាន៖ កង្វះលទ្ធភាពទទួលបានព័ត៌មានអំពីកិច្ចគាំពារសង្គម និងអត្ថប្រយោជន៍ កង្វះការអនុលោមតាមច្បាប់កំណត់ក្នុងចំណោមនិយោជកឧស្សាហកម្មកាត់ដេរ និងកម្រិតគុណភាពនៃសេវាកម្មកិច្ចគាំពារសង្គម ដែលផ្តល់ដល់កម្មករនិយោជិតវិស័យកាត់ដេរ-ល-។

លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាម បានថ្លែងថា៖ «អង្គការអុកស្វាម ប្តេជ្ញាធ្វើការជាមួយ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាពក្នុងចំណោមកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ជាពិសេសកម្មករនិយោជិតកិច្ចសន្យាដែលភាគច្រើនជានារី ដើម្បីធានាលទ្ធភាពរបស់ពួកគេក្នុងការទទួលបានកិច្ចគាំពារសង្គម ប្រកបដោយបរិយាបន្ន។ ការទទួលបានការគាំពារសង្គម គឺមានសារៈសំខាន់ណាស់សម្រាប់កម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគេ ព្រោះវាជួយទ្រទ្រង់សុខុមាលភាពរបស់ពួកគេ បង្កើនភាពធន់ និងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ឬជំងឺរាតត្បាតជាសកលជាដើម»

Jill Tucker ប្រធានកម្មវិធីសិទ្ធិពលកម្ម របស់មូលនិធិ Laudes Foundation បានថ្លែងថា៖ «គោលនយោបាយសន្តិសុខសង្គមដូចជា ប.ស.ស បានចូលរួមចំណែកជួយពង្រឹងកិច្ចសន្យាសង្គម និងផ្តល់ការការពារជាមូលដ្ឋានដល់កម្មករនិយោជិត ដើម្បីស្នើសុំការគាំទ្រ និងកិច្ចគាំពារពេលពួកគេមានជំងឺ ជួបគ្រោះថ្នាក់នៅកន្លែងធ្វើការ ឬរងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ចជាដើម។ ការបំពេញតាមកិច្ចសន្យានេះ បានជម្រុញឱ្យសំឡេងកម្មករមានភាពជាតំណាងកាន់តែប្រសើរឡើង និងឆ្លុះបញ្ចាំងនៅក្នុងកិច្ចពិភាក្សាអំពីគោលនយោបាយនានា។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការអុកស្វាម លើគម្រោង INSPIRE នេះ យើងខ្ញុំជឿជាក់ថា កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនឡើង ដើម្បីប្រើប្រាស់ និងទទួលបានអត្ថប្រយោជ៍នានាតាមរយៈគោលនយោបាយប.ស.ស»

សូមជម្រាបថា គម្រោង «កិច្ចគាំពារសង្គមប្រកបដោយដោយបរិយាបន្នដែលឆ្លើយតបទៅនឹងតម្រូវការរបស់ កម្មករនិយោជិតក្នុងវិស័យកាត់ដេរ» (ហៅកាត់ថា INSPIRE) គឺជាកិច្ចខិតខំប្រឹងប្រែងរវាងអង្គការអុកស្វាម មូលនិធិ Laudes Foundation និងអង្គការ-សហជីពចំនួន ៤ផ្សេងទៀត។ គម្រោងនេះ នឹងត្រូវអនុវត្តរួមគ្នាជាមួយអង្គការ និងសហជីពចំនួនបួន ផ្សេងទៀតមានដូចជា៖ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL), សហភាពការងារកម្ពុជា (CLC), សហព័ន្ធសហជីពកម្ពុជា (CATU), និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)។

យើងនឹងធ្វើការ ក៏ដូចជាសហការយ៉ាងជិតស្និតជាមួយដៃគូរយុទ្ធសាស្ត្រដទៃទៀតផងដែររួមមាន៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC), បេឡាជាតិសន្តិសុខសង្គម (NSSF), ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MoLVT), ក្រសួងកិច្ចការនារី (MoWA) ក្រុមហ៊ុនបញ្ជាទិញ និយោជក និងសមាគមរោងចក្រកាត់ដេរ និងភាគីពាក់ព័ន្ធដទៃទៀតដើម្បីពង្រឹង និងពង្រីកវិសាលភាពកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរទូទាំងព្រះរាជាណាចក្រកម្ពុជា។

គំនិតផ្តួចផ្តើមនេះនឹងអនុញ្ញាតឲ្យកម្មករនិយោជិតក្នុងវិស័យកាត់ដេរ អាចទទួលបានសេវាគាំពារសង្គម និងព័ត៌មាននានា ស្តីពីកិច្ចគាំពារសង្គមកាន់តែប្រសើរឡើង។ បន្ថែមលើនេះទៀត គំនិតផ្តួចផ្តើមនេះនឹងជំរុញឲ្យអ្នកផ្តល់សេវាកម្មផ្នែកគាំពារសង្គមកាន់តែមានគណនេយ្យភាពជាងមុន។ គម្រោងនេះ នឹងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងអភិក្រមផ្លាស់ប្តូរយេនឌ័រ (gender transformative approach) ទៅក្នុងគោលនយោបាយគាំពារសង្គមនានា។

គម្រោង INSPIRE នឹងរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធកាត់បន្ថយភាពងាយរងគ្រោះរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងក្រុមគ្រួសាររបស់ពួកគេ តាមរយៈការបង្កើនលទ្ធភាពរបស់ពួកគេដើម្បីទទួលបាន និងប្រើប្រាស់មូលនិធិសន្តិសុខសង្គម (ប.ស.ស.)។ គំនិតផ្តួចផ្តើមនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ប្រយោជន៍ដល់អ្នកទទួលផលសរុបប្រមាណជា ២៣,០០០នាក់ ដោយផ្ទាល់ និងប្រមាណជា ៧៣៥,០០០នាក់ទៀត ដោយប្រយោល។ បន្ថែមលើនេះទៀត គម្រោងត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ការយល់ដឹងពីការគាំពារសង្គម ទៅដល់ពលរដ្ឋប្រមាណជា ១,០០០,០០០ នាក់តាមរយៈយុទ្ធនាការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង និងទទួលព័ត៌មាន៕