(បារាំង)៖ បន្ទាប់ពីល្បីល្បាញខ្លាំងតាមរយៈការសម្តែងក្នុងរឿង «Squid Game» នៅពេលនេះ តារាសម្តែងជួរមុខកូរ៉េខាងត្បូង លោក Lee Jong-jae ត្រូវបានប្រទះឃើញបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន ប្រទេសបារាំង។ វត្តមានរបស់លោកនៅទីនោះ ត្រូវបានគេដឹងថា ដើម្បីបង្ហាញស្នាដៃភាពយន្តថ្មី ដែលលោកចូលរួមសម្តែងចំណងជើងថា «Hunt»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Geo News នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

ភាពយន្តថ្មី មានចំណងជើងថា "Hunt” ត្រូវបានគេដឹងថា តារាសម្ដែង Lee Jung-jae បានចូលរួមក្នុងការនិពន្ធ ធ្វើជាអ្នកដឹកនាំ ហើយទាំងធ្វើជាតួអង្គសម្ដែងថែមទៀតផង ខណៈរឿងនេះគឺជាការឆ្លុះបញ្ចាំងពីអ្នកស៊ើបការណ៍កូរ៉េខាងត្បូងពីររូប ដែលទទួលបានបេសកកម្មក្នុងការស្វែងរកជនបង្កប់ ដែលជាជនជាតិកូរ៉េខាងត្បូង។ បើនិយាយទៅ លោក Lee Jung-jae ដើរតួជាអ្នកស៊ើបការណ៍ម្នាក់ឈ្មោះ Park Pyong-ho ឯតារាសម្ដែង Jung Woo-sung ដើរតួជាអ្នកស៊ើបការណ៍ម្នាក់ទៀតឈ្មោះ Kim Jung-do។

គួរជម្រាបថា Lee Jung-jae មានឈ្មោះល្បីល្បាញក្នុងវិស័យភាពយន្ត បន្ទាប់ពីសម្តែងក្នុងរឿង «Squid Game» ដែលជោគជ័យខ្លាំងលើ Netflix រហូតបានក្លាយជាភាពយន្តដ៏ពេញនិយមបំផុតនៃការផ្សាយទូទាំងពិភពលោក។ យ៉ាងណាមិញ សម្រាប់រឿងថ្មីរបស់លោក ចំណងជើងថា «Hunt» មិនទាន់កំណត់ថ្ងៃចាក់បញ្ចាំងច្បាស់លាស់នៅឡើយទេ ខណៈអ្នកធ្លាប់គាំទ្រស្នាដៃរបស់លោកកន្លងទៅ កំពុងរង់ចាំទស្សនាភាពយន្តនេះ៕