(បរទេស)៖ ក្រុមហ៊ុន Hyundai Motor បានប្រកាសថា ខ្លួននឹងវិនិយោគ ៥.៥៤ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គីសនី និងផលិតអាគុយអគ្គីសនីជាលើកដំបូងរបស់ខ្លួននៅក្នុងសហរដ្ឋអាមរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

សម្រាប់រោងចក្រវិនិយោគថ្មីរបស់ Hyundai គឺមានទីតាំងនៅទីក្រុង Savannah ដែលស្ថិតនៅក្នុងរដ្ឋ Georgia របស់សហរដ្ឋអាមេរិក។ ខណៈដែលប្រតិបត្តិការនេះត្រូវបានគេរំពឹងថានឹងបើកដំណើរការក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២៥ ខាងមុខ ជាមួយនឹងសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំឈានដល់ ៣០០,០០០ គ្រឿង រួមទាំងបង្កើតការងារថ្មីបានប្រហែល ៨,១០០ឯណោះ។

យ៉ាងណាមិញ Hyundai បានលើកឡើងនៅក្នុងការចេញផ្សាយមួយថា« ក្រុមហ៊ុនកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងផ្នែកអគ្គីសនីរបស់ខ្លួនជាមួយនឹងគោលដៅសកលដើម្បីលក់តែរថយន្តអគ្គីសនីចំនួន ៣.២៣ លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ខាងមុខ។

ទន្ទឹមនឹងនេះ Hyundai ក៏បានបញ្ជាក់ដែរថា ខ្លួនបានជ្រើសរើស Georgia ជារោងចក្រដំបូងរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកដោយសារលក្ខខណ្ឌអាជីវកម្មអំណោយផលជាច្រើន រួមទាំងល្បឿនទីផ្សារ កម្លាំងការងារដែលមានទេពកោសល្យ ក៏ដូចជាបណ្តាញដែលមានស្រាប់នៃសាខា និងអ្នកផ្គត់ផ្គង់ផងដែរ៕