(បរទេស)៖ ក្រុមហ៊ុនចិនមួយមានឈ្មោះថា Beijing Oriental Electronics (BOE) ដែលទទួលផលិតអក្រង់របស់ Apple អាចនឹងបាត់បង់ការបញ្ជាទិញដ៏ធំមួយក្នុងការផលិតអេក្រង់សម្រាប់ iPhone 14 ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយពេលដែល Apple បានរកឃើញកំហុសមួយដែល BOE បានធ្វើដោយមិនមានការយល់ព្រមពី Apple។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GMSArena នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

យោងតាមការប្រភពពី The Elec បានរាយការណ៍ថា Apple ទំនងជាមិនបញ្ជាទិញអេក្រង់សម្រាប់ iPhone 14 ពី BOE ទៀតនោះទេ ហើយវាពិតជាអាចនឹងបាត់បង់ការបញ្ជាទិញប្រហែល ៣០លានគ្រឿងជាប្រភេទអេក្រង់ OLED សម្រាប់ iPhone 2022នេះ។

នោះក៏ដោយសារតែ BOE បានកែប្រែការឌីហ្សាញបន្ទះអេក្រង់ដែល Apple បានបញ្ជាទិញសម្រាប់ប្រើនៅលើ iPhone 13 បច្ចុប្បន្ននេះ ដោយមិនមានការពិភាក្សាពី Apple ជាមុននោះ ដែលជាមូលហេតុបណ្តាលឱ្យ Apple សម្រេចផ្អាកការបញ្ជាទិញពី BOE ភ្លាមៗតែម្តង។ ទន្ទឹមគ្នានោះថ្នាក់ដឹកនាំរបស់ BEO ក៏បានទៅជួប Apple ដោយផ្ទាល់ ដើម្បីពន្យល់ពីមូលហេតុដែលគេសម្រេចធ្វើបែបនោះដែរ ប៉ុន្តែមូលហេតុទាំងនោះ ហាក់ដូចជាមិនអាចប្តូរចិត្ត Apple វិញនោះឡើយ។

តែយ៉ាងណាមិញ បន្ទាប់ពី Apple បញ្ឈប់ការបញ្ជាទិញអេក្រង់ពី BOE ដោយសារបញ្ហាបង្កឡើងដូចខាងលើនោះទំនងជា Apple នឹងផ្តល់សិទ្ធិផលិតអេក្រង់សម្រាប់ iPhone 14 ប្រមាណជា ៣០លានគ្រឿងទៅឱ្យ Samsung និង LG ទទួលរ៉ាប់រងជំនួសវិញ៕