(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានប្រកាសពីការរៀបចំក្បួនដង្ហែរទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងកីឡាករ កីឡាការិនីជយលាភីពីការប្រកួតកីឡា SEA Games លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
បើយោងតាមលិខិតដែល Fresh News Plus ទទួលបាននោះ គឺក្បួនដង្ហែរនឹងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី បត់តាមផ្លូវនរោត្តមត្រង់មន្ទីរពេទ្យព្រះអង្គឌួងឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួនវិមានឯករាជ្យខាងកើតត្រឡប់មកផ្លូវព្រះសុរាម្រិតដល់ផ្លូវព្រះសីហនុ រួចបត់ចូលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
សូមបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជូនអត្តពលិកទៅចូលរួម SEA Games 2021 នៅប្រទេសវៀតណាម ដែលជាលទ្ធផលកម្ពុជាដណ្តើមបានមេដាយសរុប ៦៣គ្រឿងពី ១៥ប្រភេទកីឡា ក្នុងចំណោម ៣៣ប្រភេទកីឡាសរុបដែលបានបញ្ជូនទៅប្រទេសវៀតណាមលើកទី៣១ នេះ៕