(បារាំង)៖ តារាហូលីវូដល្បីឈ្មោះ Tom Cruise បច្ចុប្បន្នកំពុងផ្សព្វផ្សាយខ្សែភាពយន្តចុងក្រោយបង្អស់របស់លោក ចំណងជើងថា «Top Gun: Maverick» នៅមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន ប្រទេសបារាំង។ ទន្ទឹមគ្នានេះ Tom Cruise បានទម្លាយពាក្យក្នុងចិត្តថា កាលមិនទាន់មានឈ្មោះល្បីល្បាញ លោកធ្លាប់មានបំណងប្រាថ្នាចង់ក្លាយជាអ្នកបើកយន្តហោះ និងតារាសម្តែង ខណៈរឿងថ្មី «Maverick» នេះ ធ្វើឲ្យលោកសម្រេចបាននូវក្តីស្រមៃទាំងអស់។

ថ្លែងតាមរយៈកិច្ចសម្ភាសន៍មួយនាពេលថ្មីៗនេះ តារាប្រុស Cruise បានលើកឡើងថា លោកធ្លាប់មានក្តីស្រមៃចង់ក្លាយជាអ្នកបើកយន្តហោះ និងតារាសម្តែងដ៏មានកេរ្តិ៍ឈ្មោះម្នាក់ ហើយនៅពេលដែលលោកបានសម្តែងរឿង «Top Gun: Maverick» បានធ្វើឲ្យអ្វីដែលលោកស្រមៃច្របាច់បញ្ចូលគ្នា ដែលលោកហៅថា «ជីវិតបានផ្លាស់ប្តូរ» ដោយសារក្តីស្រមៃបានសម្រេច ព្រោះថាក្នុងភាពយន្តនោះ លោក បានដើរតួសម្តែងផង និងបានបើកយន្តហោះចម្បាំង F-14 ផង។

គួរជម្រាបថា ការចាក់បញ្ចាំងរឿង «Top Gun: Maverick» ក្នុងមហោស្រពភាពយន្តទីក្រុងកាន បានធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២កន្លងទៅ ខណៈក្នុងថ្ងៃពិសេសនោះ តារាប្រុស Tom Cruise បង្ហាញវត្តមានផងដែរ ហើយលោក មានការនិយាយឆ្លងឆ្លើយនៅលើឆាក ជាមួយអ្នកកាសែត ជុំវិញអាជីពរបស់លោក បន្ទាប់មកនឹងធ្វើដំណើរទៅកន្លែងចាក់បញ្ចាំងភាពយន្តតែម្តង។ រឿង «Top Gun: Maverick» នេះទៀតសោត ត្រូវបានគេរំពឹងថា នឹងផ្ទុះខ្លាំង ក្នុងឆ្នាំ២០២២នេះ ខណៈបានពន្យារពេលចាក់បញ្ចាំងជាង២ឆ្នាំ ដោយសារកូវីដ-១៩ និងមានទស្សនិកជនជាច្រើននាក់ជុំវិញពិភពលោករង់ចាំទស្សនា៕