(ភ្នំពេញ)៖ ចាប់តាំងពីក្រុមហ៊ុន Ezecom (Ezecom Co.,Ltd.) បានទទួលការផ្ទេរអតិថិជនពីក្រុមហ៊ុនជាប់បំណុល King Technologies Co.,Ltd.(KT) ដែលផ្តល់សេវាកម្មអ៉ិនធឺណិតឈ្មោះ OPENNET នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នោះមក មានកើនឡើងកាន់តែច្រើន ចំពោះការសាកសួរពីអតិថិជន។ ក្រុមហ៊ុន Ezecom បានពង្រីកនូវរាល់សេវាកម្មសម្រាប់បម្រើអតិថិជនទាំងអស់ ដែលរួមមានការរួមបញ្ចូលនូវសាខាទាំងអស់របស់ Ezecom និងOPENNET ទាំង ២៤សាខាទូទាំងប្រទេស មជ្ឈមណ្ឌលទំនាក់ទំនងគេហទំព័រទម្រង់អនឡាញ និងកម្មវិធីទូរស័ព្ទ ezecomapp ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Ezecom ក៏បានបង្កើនប្រតិបត្តិការនៅគ្រប់សាខាទាំងអស់ ឲ្យមានប្រតិបត្តិការ០៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីធានាថារាល់កង្វល់ និងបញ្ហារបស់អតិថិជនត្រូវបានកត់សម្គាល់។

បញ្ហារបស់អតិថិជន បានកើតមានឡើងជាបន្តបន្ទាប់ចាប់តាំងពីខែកុម្ភៈមកម្ល៉េះ នៅពេលដែលនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានប្រកាសពាក់ព័ន្ធនឹងលទ្ធភាពលុបចោលអាជ្ញាប័ណ្ណ ប្រសិនបើក្រុមហ៊ុន KT មិនអាចដោះស្រាយបំណុលដែលខ្លួនមាននោះទេ។ ចាប់តាំងពីពេលនោះមក អតិថិជនជាច្រើនមានការព្រួយបារម្ភ និងមានភាពមិនច្បាស់លាស់អំពីការបន្តសេវាអ៉ិនធឺណិតរបស់ OPENNET ជាពិសេសចំពោះកញ្ចប់សេវាកម្មដែលពួកគាត់បានបង់ប្រាក់រួចមកហើយ។ អតិថិជន ទើបនឹងចាប់ផ្តើមបោះជំហានចាកចេញពីស្ថានភាពជំងឺកូវីដ-១៩មកកាន់ភាពប្រក្រតីនៃជីវិតក្រោយជំងឺកូវីដ ហើយពួកគាត់ត្រូវមកជួបប្រទះនឹងបញ្ហាសេវាអ៉ិនធឺណិតបែបនេះ វាគឺជាអ្វីដែលមនុស្សគ្រប់គ្នាមិនចង់ជួបប្រទះនោះឡើយ។ បញ្ហារបស់អតិថិជននេះ ត្រូវបានធ្វើឲ្យកាន់តែតានតឹងឡើង ដោយគួបផ្សំជាមួយនឹងបញ្ហាបណ្តាញខ្សែកាប្លិ៍អ៉ិនធឺណិតធ្ងន់ធ្ងរ ដែលមិនបានថែទាំជួសជុល និងទ្រទ្រង់ឲ្យបានត្រឹមត្រូវ ក្នុងរយៈពេលកន្លងមកនោះហើយ ដែលធ្វើឲ្យមានការអាក់ខានដល់ការផ្គត់ផ្គង់អ៉ិនធឺណិតដល់អតិថិជន។

ដោយសារក្រុមហ៊ុន KT ស្ថិតនៅក្រោមដំណើរការនីតិវិធីក្ស័យធន ក្រុមហ៊ុន Ezecom បានចូលខ្លួនមកស្តារស្ថានភាពដើម្បីបញ្ជៀសនូវហានិភ័យអ៉ិនធឺណិតធ្ងន់ធ្ងរ ដោយសារបណ្តាញអ៉ិនធឺណិតត្រូវបានផ្លាស់ប្តូរដោយគ្មានការអនុញ្ញាតដោយភាគីមិនស្គាល់មុខជាច្រើន។ បន្ថែមពីនេះទៅទៀត Ezecom បានធ្វើការកសាងនូវប្រព័ន្ធគាំទ្រ និងបណ្តាញអ៉ិនធឺណិតដែលមានប្រសិទ្ធិភាពប្រកបដោយសុវត្ថិភាពខ្ពស់សម្រាប់ពេលអនាគត និងដែលអាចទ្រទ្រង់ដល់ការរីកចម្រើនរបស់ប្រទេសជាតិ និងសេដ្ឋកិច្ច។

បើទោះបីជាមិនមែនជាកិច្ចការងាយស្រួលក៏ដោយ ក្រុមហ៊ុន Ezecom បានទទួលយកនូវទំនួលខុសត្រូវដ៏ធ្ងន់នេះដោយ៖

* ទីមួយធ្វើការស្ដារស្តង់ដាបណ្តាញអ៉ិនធឺណិត និងការអនុវត្តល្អសម្រាប់បណ្តាញអ៉ិនធឺណិត។
* ទីពីរទ្រទ្រង់ស្ថិរភាពនៃបណ្តាញអ៉ិនធឺណិតពាក់ព័ន្ធនឹងគុណភាពសេវាអ៉ិនធឺណិត ពេលវេលាដំណើរការ និងល្បឿនអ៉ិនធឺណិត។
* ទីបីបន្តទទួលដោះស្រាយ និងបម្រើសេវាកម្មចំពោះបញ្ហាដែលកើតមានឡើងចំពោះអតិថិជនរាប់សែននាក់។

ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ក្រុមហ៊ុន Ezecom បានបង្កើតក្រុមការងារបច្ចេកវិទ្យានិងព័ត៌មានវិទ្យា (ICT) ដែលមានបទពិសោធន៍និងសមត្ថភាពខ្ពស់ ក្នុងការដោះស្រាយការផ្ទេរបណ្តាញអ៉ិនធឺណិតដ៏ស្មុគស្មាញនេះ។ នៅក្នុងដំណើរការនេះ យើងក៏បានរកឃើញនូវព័ត៌មានជាច្រើនដែលត្រូវបានបង្កឱ្យការខូចខាត និងរចនាសម្ព័ន្ធបណ្តាញដែលមានភាពច្របូកច្របល់ ដែលយើងចាំបាច់ត្រូវធ្វើការស្តារឡើងវិញ។ ក្រុមហ៊ុន Ezecom ក៏បានបង្កើនធនធានមនុស្សសម្រាប់ក្រុមការងារផ្នែកបច្ចេកទេស និងអ្នកប្រឹក្សាសេវាអតិថិជន (CSC) ដើម្បីធានាឲ្យបាននូវការផ្ទេរបណ្តាញអ៉ិនធឺណិតប្រកបដោយភាពជោគជ័យ។ ដោយសារការហៅទូរស័ព្ទចូលមានចំនួនច្រើនខ្លាំង ក្រុមហ៊ុន Ezecom បានបង្កើនធនធានអ្នកប្រឹក្សាសេវាអតិថិជនលើសមុនដល់ទៅ ៧ដង។

បញ្ហាសំខាន់បំផុត គឺការស្ដារសេវាអ៉ិនធឺណិតដែលបានដាច់ឡើងវិញ។ ក្រុមហ៊ុន Ezecom បានកែប្រែប្រតិបត្តិការរបស់ខ្លួនឡើងវិញ ដោយបញ្ជាក់កាលវិភាគជួសជុលក្នុងរយៈពេល ៣ថ្ងៃ បន្ទាប់ពីពេលដែលអតិថិជនទាក់ទងមកកាន់ក្រុមហ៊ុន។ បន្ទាប់ពីនេះទៅ ក្នុងរយៈពេល ៧ថ្ងៃបន្ទាប់ ក្រុមហ៊ុន Ezecom នឹងអាចដាក់ពង្រាយធនធានបច្ចេកទេសរបស់ខ្លួន ក្នុងការធ្វើការស្តារសេវាអ៉ិនធឺណិតទាំងនោះឡើងវិញ។ ដោយសារតែការកើនឡើងយ៉ាងខ្លាំង នៃបញ្ហាចាប់តាំងពីថ្ងៃទី៥ខែឧសភា មកក្រុមហ៊ុន Ezecom បានធ្វើការស្ដារឡើងវិញបានប្រមាណ ៧៥%ហើយ។ នៅមានការស្តារប្រមាណ ២៥%បន្ថែមទៀត ដែលក្រុមហ៊ុន Ezecom កំពុងធ្វើការទំនាក់ទំនងទៅកាន់អតិថិជន ដើម្បីកំណត់ពេលក្នុងការដោះស្រាយបញ្ហា(កាលបរិច្ឆេទ)។ កត្តានេះនឹងជួយផ្តល់ភាពប្រាកដប្រជា និងគ្រប់គ្រងការរំពឹងទុករបស់អតិថិជនបាន។

ក្រុមហ៊ុន Ezecom យល់ពីផលលំបាករបស់អតិថិជនទាំងអស់ ដែលប្រព័ន្ធអ៉ិនធឺណិតរបស់ពួកគេនៅបន្តរងផលប៉ះពាល់ហើយក្រុមការងាររបស់យើងខ្ញុំ កំពុងខិតខំធ្វើគ្រប់បែបយ៉ាងក្នុងការដោះស្រាយ និងស្ដារស្ថានការណ៍ឱ្យបានកាន់តែឆាប់រហ័ស។ ក្រុមហ៊ុនសូមឱ្យអតិថិជនទាំងអស់មេត្តាយោគយល់ និងមានភាពអត់ធ្មត់ ក្នុងខណៈពេលដែលក្រុមការងាររបស់យើងខ្ញុំកំពុងធ្វើការឥតឈប់ឈរ ដើម្បីស្តារបណ្តាញអ៉ិនធឺណិតដែលផ្តល់នូវគុណភាពខ្ពស់។

ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗដែលអតិថិជនអាចស្វែងរកព័ត៌មានផ្សេងៗ៖

* អតិថិជន OPENNETទាំងអស់ ត្រូវបានចេញជូនលេខសម្គាល់អតិថិជនថ្មី (CID) តាមរយៈសារទូរស័ព្ទ (SMS)។ ប្រសិនបើអតិថិជនណាម្នាក់មិនបានទទួល CID ថ្មីនោះទេ សូមមេត្តាអញ្ជើញមកកាន់មជ្ឈមណ្ឌលទំនាក់ទំនង ឬចូលទៅកាន់គេហទំព័ររបស់យើងខ្ញុំ។

* ការទាក់ទងមកកាន់ក្រុមហ៊ុន Ezecom៖
ក. លេខមជ្ឈមណ្ឌលទំនាក់ទំនង៖ ០២៣៨៨៨១៨១ ឬ០៨៥៨៨៨១៨១
ខ. គេហទំព័រ៖ www.ezecom.com.kh
គ. សាខារបស់ក្រុមហ៊ុន៖ https://ezecom.com.kh/offices
ឃ. កម្មវិធីទូរស័ព្ទ៖ សូមធ្វើការទាញយកកម្មវិធី ezecomapp តាមរយៈApp Store ឬPlay Store
ដើម្បីគ្រប់គ្រងព័ត៌មាននៃការប្រើប្រាស់សេវាអ៉ិនធឺណិតរបស់អ្នកជាមួយEzecom។ អាចទាញយកពីលីងនេះ៖ IOS: https://sl.ezecom.com.kh/ios
ឬ Android: https://sl.ezecom.com.kh/android

* ការទូទាត់វិក្កយបត្រ៖ សូមចូលទៅកាន់គេហទំព័ររបស់Ezecom ហើយដាក់បញ្ចូលលេខសម្គាល់អតិថិជនរបស់អ្នក(CID) ដើម្បីទទួលបានព័ត៌មានលម្អិតអំពីការទូទាត់៕