(ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមទទួលដំណើរមកកាន់មាតុភូមិរបស់ប្រតិភូកីឡា កីឡាករ កីឡាការិនីកម្ពុជា ដែលបានបញ្ចប់បេសកកម្មចូលរួមប្រកួតកីឡាស៉ីហ្គេម លើកទី៣១ ពីទីក្រុងហាណូយ ប្រទេសវៀតណាម នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សូមបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជូនអត្តពលិកទៅចូលរួម SEA Games 2021 នៅប្រទេសវៀតណាម ដែលជាលទ្ធផលកម្ពុជាដណ្តើមបានមេដាយសរុប ៦៣គ្រឿងពី ១៥ប្រភេទកីឡា ក្នុងចំណោម ៣៣ប្រភេទកីឡាសរុប។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏បានប្រកាសពីការរៀបចំក្បួនដង្ហែរទង់សហព័ន្ធកីឡាអាស៉ីអាគ្នេយ៍ និងកីឡាករ កីឡាការិនីជយលាភីពីការប្រកួតកីឡា SEA Games លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃស្អែកផងដែរ។

បើយោងតាមលិខិតដែល Fresh News Plus ទទួលបាននោះ គឺក្បួនដង្ហែរនឹងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី បត់តាមផ្លូវនរោត្តមត្រង់មន្ទីរពេទ្យព្រះអង្គឌួងឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួនវិមានឯករាជ្យខាងកើតត្រឡប់មកផ្លូវព្រះសុរាម្រិតដល់ផ្លូវព្រះសីហនុ រួចបត់ចូលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕