(អាប៊ូដាប៊ី)៖ អតីតកីឡាករឆ្នើមប្រចាំឆ្នាំរបស់អាស៊ី Omar Abdulrahman ត្រូវបានកោះហៅឡើងវិញ ឲ្យចូលរួមជាមួយក្រុមជម្រើសជាតិសហព័ន្ធអារ៉ាប់រួម ជាលើកដំបូង ក្នុងរយៈពេល២ឆ្នាំកន្លះ ខណៈប្រទេសមួយនេះ កំពុងត្រៀមខ្លួន សម្រាប់ការប្រកួតជម្រុះ World Cup របស់ពួកគេ ដែលត្រូវប៉ះនឹងក្រុមអូស្ត្រាលី នៅខែក្រោយ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។

Abdulrahman, ដែលបានជាប់ជាកីឡាករល្អបំផុត ប្រចាំទ្វីបអាស៊ី ក្នុងឆ្នាំ២០១៦នោះ, ត្រូវបានដាក់បញ្ចូល ក្នុងក្រុមកីឡាករ៣០រូប របស់គ្រូបង្វឹក Rodolfo Arruabarrena សម្រាប់ការប្រកួតប៉ះនឹងក្រុមអូស្ត្រាលី នៅថ្ងៃទី៧ ខែមិថុនា នៅទីក្រុង Doha។

កីឡាករវ័យ៣០ឆ្នាំរូបនេះ បានបាត់បង់ឱកាសរបស់លោក ក្នុងក្រុមជម្រើសជាតិ ដោយសារការរងរបួសជាបន្តបន្ទាប់ ក្នុងនោះរួមទាំងការដាច់សរសៃពួរ ក្នុងឆ្នាំ២០១៨ផងដែរ ខណៈលេងក្នុងលក្ខខណ្ឌខ្ចីជើង ជាមួយក្លិប Al Hilal របស់អារ៉ាប៊ីសាអូឌីត។

លោកបានលេងចុងក្រោយ សម្រាប់ក្រុមជម្រើសជាតិសហព័ន្ធអារ៉ាប់រួម ក្នុងលទ្ធផលចាញ់១-០ ក្នុងវគ្គជម្រុះ World Cup ក្រោមថ្វីជើងក្រុមវៀតណាម កាលពីខែវិច្ឆិកា ឆ្នាំ២០១៩៕