(ភ្នំពេញ)៖ លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមដំណើរដោយ លោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (ID Investors Association) និងសមាជិកមួយចំនួនផ្សេងទៀត បានជួបពិភាក្សាជាមួយលោកស្រី Christine Tsai នាយកប្រតិបត្តិក្រុមហ៊ុន 500 Global នៅ Silicon Valley, California សហរដ្ឋអាមេរិក ក្នុងគោលបំណងសិក្សា ដកស្រង់បទពិសោធន៍ នៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៉ីសហគ្រិនភាព និងសិក្សាពីលទ្ធភាពទាក់ទាញបណ្តាញមូលនិធិវិនិយោគ (Venture Capital Fund-VC) លើវិស័យធុរកិច្ចបង្កើតថ្មី (Startups)និងសហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសកម្ពុជា។ ជំនួបនេះ បានធ្វើឡើងនៅសប្តាហ៍មុន។
បន្ទាប់ពីបានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់គ្នាអំពីប្រព័ន្ធអេកូឡូស៉ីសហគ្រិនភាពនៃប្រទេសទាំងពីរ, អង្គប្រជុំបានយល់ស្របរួមគ្នាលើបញ្ហាប្រឈមជាសកល ដូចជា ការកើនឡើងនៃអតិផរណានៃសេដ្ឋកិច្ចពិភពលោក, ការរាំងស្ទះនៃខ្សែច្រវាក់ផលិតកម្ម, សង្គ្រាមរុស្សី និងអ៊ុយក្រែន និងការរាតត្បាតនៃកូវីដ១៩ បានធ្វើឱ្យមានការបង្អាក់ និងការថមថយនៃលំហូរមូលនិធិវិនិយោគទៅកាន់ធុរកិច្ចបង្កើតថ្មី។
យ៉ាងណាមិញ ដោយមានការរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យាឌីជីថល និងការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាពីប្រជាជនទូទៅ កត្តានេះវាបានបង្កើតជាឪកាសច្រើនសំបូរបែប សម្រាប់សហគ្រិនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតជាម៉ូឌែលធុរកិច្ចថ្មីដែលអាចលើកកម្ពស់ផលិតភាព, ប្រសិទ្ធិភាពផលិតកម្ម និងអាចបង្កើតការងារថ្មីៗ ដែលមានគុណតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ច។ ដូច្នេះ ដើម្បីធានាអំពីមូលនិធិវិយោគ VC អាចចូលទៅកាន់វិស័យធុរកិច្ចបង្កើតថ្មីបានកាន់តែច្រើន ក្រុមវិនិយោគិនបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃវត្តមានគោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាលទៅដល់ក្រុមហ៊ុនមូលនិធិវិយោគ VC។
ទន្ទឹមនឹងនេះ លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពបានបញ្ជាក់ទៅកាន់អង្គប្រជុំថា៖ «ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជានឹងបន្តបង្កើតគោលនយោបាយ និងកម្មវិធីលើកទឹកចិត្តលម្អិតបន្ថែមទៀត ដើម្បីទាក់ទាញមូលនិធិវិនិយោគអន្តរជាតិ មកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការចូលរួមបន្ថែមលើការអភិវឌ្ឍន៍សហគ្រិនភាព និងការផ្តល់កម្ចីរបស់រដ្ឋាភិបាលលើសហគ្រាសធុនតូច និងមធ្យមកម្ពុជា»៕