(មេនឆេស្ទើ)៖ លោក Erik ten Hag ដែលទើបត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Manchester United នោះបានចាត់ទុកថា ការទទួលបានការងារនៅក្លិបនេះពុំមានហានិភ័យអ្វីទេដល់កេរ្តិ៍ឈ្មោះរបស់ ក៏ព្រោះតែក្លិបមួយនេះ ជាជើងខ្លាំងមួយកាលពីអតីតកាល។

លោកថា «ខ្ញុំមើលពុំឃើញពីហានិភ័យក្នុងក្លិបនេះទេ ក៏ព្រោះតែខ្ញុំបានគិតថា ក្លិបនេះគឺមានប្រវត្តិសាស្រ្តដ៏អស្ចារ្យ ហើយបច្ចុប្បន្នកំពុងតែកសាងដើម្បីអនាគតទៀត»

បុរសសញ្ជាតិហូឡង់ វ័យ ៥២ឆ្នាំខាងលើនេះ ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្លិបលេងនៅ Premier League គឺបិសាចក្រហម Manchester United រយៈពេល ៣ឆ្នាំ ពោលនឹងផុតកំណត់នៅឆ្នាំ២០២៥ ខាងមុខ ដែលបានក្លាយជាគ្រូបង្វឹកពេញសិទ្ធិលើកទី៥ គិតចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ទៅកាលឆ្នាំ២០១៣។

ដូចគ្នានោះដែរ Ten Hag ក៏បានស្នើសុំឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo បន្តលេងនៅទឹកដី Old Trafford នារដូវកាលបន្ទាប់ទៀតដែរ បើទោះបីជាក្រុមមួយនេះពុំមានកៅអីលេងនៅ UEFA Champions League សម្រាប់រដូវកាលក្រោយក៏ដោយ ដ្បិតបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងតំបន់កៅអី UEFA Europa League តែប៉ុណ្ណោះ នៅពេលរូបលោកក៏បានចូលរួមទស្សនានៅ ១ប្រកួតចុងក្រោយពេល Man Utd ចាញ់ម្ចាស់ផ្ទះ Crystal Palace ១ទល់នឹង០ ផងដែរ៕