(ប៉ារីស)៖ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅតែមានក្តីសុបិនទៅលេងឲ្យក្លិបអេស្ប៉ាញ Real Madrid នៅថ្ងៃណាមួយដដែល ទោះបីរូបគេទើបសម្រេចបន្តកិច្ចសន្យាថ្មីលេងឲ្យក្លិបក្នុងស្រុក Paris Saint-Germain ដល់ឆ្នាំ២០២៥ ក៏ដោយ។

កីឡាករអន្តរជាតិបារាំង វ័យ ២៣ឆ្នាំខាងលើនេះបានថ្លែងប្រាប់ BBC ថា «អ្នកពុំដែលដឹងថា នឹងមានអ្វីកើតឡើងនៅថ្ងៃអនាគតនោះទេ ដ្បិតនៅពេលនេះ ខ្ញុំពុំដែលបោះបង់ការគិតពីអនាគតនោះ ក៏ព្រោះនៅពេលនេះ ខ្ញុំគិតតែពីបច្ចុប្បន្នកាលជាសំខាន់ជាង ជាពិសេសកិច្ចសន្យារយៈពេល ៣ឆ្នាំទៅមុខទៀតជាមួយ Paris»

Mbappe ដែលជាសមាជិកជួយឲ្យក្រុមមាន់គកបារាំងឈ្នះជើងឯក World Cup 2018 នោះ បានទាត់ចោលសំណើពីក្លិបជើងឯកអេស្ប៉ាញកាលសប្តាហ៍ ដោយសម្រេចជ្រើសរើសក្រុមជើងឯកបារាំងជំនួសវិញ តាមរយៈបន្តកិច្ចសន្យា ៣ឆ្នាំទៀតនៅ Parc des Princes តែមិនបោះបង់ពីបំណងទៅចូលរួមជាមួយ Real Madrid ឡើយ។

Kylian Mbappe ជាអតីតកីឡាកររបស់ក្លិបរួមលីគ Ligue 1 គឺ AS Monaco ដែលស៊ុតបាន ២៨គ្រាប់ជួយ PSG ឈ្នះជើងឯកលីគនារដូវកាលនេះ ក្រោយខកខាន ១រដូវកាលដែលបានធ្លាក់ទៅលើកណ្តាប់ដៃរបស់ក្រុម Lille៕