(ភ្នំពេញ)៖ ដោយចាត់ទុកជាស្នាដៃធម្មតាៗមួយ ផលិតករវ័យក្មេងលោក នាង គួនណួចិត្រា ហៅ រ៉យ បានបង្ហាញពីភាពភ្ញាក់ផ្អើលរបស់ខ្លួន ចំពោះស្នាដៃអប់រំខ្លីមួយមានចំណងជើងថា «កុហក» បានទទួលការគាំទ្រជាខ្លាំងពីទស្សនិកជន ក្រោយលោកបង្ហោះតាមបណ្ដាញសង្គម Facebook កាលពីពេលថ្មីៗ។

ថ្លែងប្រាប់ Fresh News Plus ផលិតករវ័យក្មេង រ៉យ បានបញ្ជាក់ថា «អ្វីជាមោទនភាពរបស់ខ្ញុំ សម្រាប់រឿងនេះ ខ្ញុំគិតថាវាធម្មតាៗ សាមញ្ញមួយ។ តែពេលដែលយើងចេញបានរយៈពេល២ទៅ៣ថ្ងៃ មានអ្នកចូលទស្សនាជាង ៥លាននាក់ ជារឿងមួយធ្វើឲ្យខ្ញុំនឹកស្មានមិនដល់ និងលើសពីការរំពឹងទុករបស់ខ្ញុំ»។

ផលិតកររឿង «គំនូស៤៩» របស់ Soyo បានបន្តថា ដោយសារតែរឿង «កុហក» នេះមានសារអប់រំខ្លះជាច្រើន ជាពិសេសទាក់ទងនឹងម្ដាយតែម្ដង តែងតែតស៊ូពុះពារការលំបាកគ្រប់បែបយ៉ាង ដើម្បីកូនទើបធ្វើឲ្យស្នាដៃខ្លីមួយនេះ ទទួលការគាំទ្រពីទស្សនិកជនច្រើន។ ទន្ទឹមនឹងភាពជោគជ័យបែបនេះ រ៉យ គ្រោងនឹងបញ្ចេញវគ្គ២ ឬវគ្គ៣ថែមទៀតនាពេលឆាប់ៗ ដើម្បីឆ្លើយតបបានការចង់បានរបស់ទស្សនិកជន និងការស្រឡាញ់ចូលចិត្តរបស់ខ្លួនឯងផងដែរ សម្រាប់ការផលិតរឿងអប់រំដើម្បីសង្គមជាតិ។

«ក្នុងនាមផលិតករ យើងតែងតែមានកូនចិត្តមួយចង់ចូលរួមចំណែក ជួយដល់សង្គមជាតិ តាមរយៈការផលិតរឿងបែបអប់រំខ្លី។ ទោះជាវាមិនមែនជាកម្រិតស្តង់ដារខ្ពស់ក្ដី តែនេះជាអ្វីដែលយើង និងក្រុមការងារទទួលបាន ហើយយើងសប្បាយចិត្តនូវអ្វីដែលយើងសម្រេចបាន»។ លោក នាង គួនណូចិត្រា ហៅ រ៉យ បានបន្ថែម។

ក្រៅតែពីជោគជ័យក្នុងរឿងអប់រំខ្លី «កុហក» និងការត្រៀមផលិតចេញជាវគ្គ២ និងវគ្គខាងមុខ ផលិតករវ័យក្មេងរូបនេះក៏ត្រៀមស្នាដៃជាច្រើនទៀតផង ក្នុងពេលឆាប់ៗខាងមុខ ដោយលោកបញ្ជាក់ថា ស្នាដៃរបស់ខ្លួននឹងមិនធ្វើឱ្យទស្សនិកជនខកបំណងនោះទេ។

សូមបញ្ជាក់ថា លោក នាង គួនណូចិត្រា ហៅ Mizter Roy បានឈរជើងលើវិស័យភាពយន្តផ្នែកដឹកនាំសម្ដែង ១០ឆ្នាំមកហើយ។ ក្នុងនោះលោកបានផលិតស្នាដៃជាច្រើនទាំងរឿងអប់រំខ្លី និងរឿងដុំជាដើម។ រឿងដែលទទួលការគាំទ្រពីទស្សនិកជនដូចជា រឿង «អ្នកក្រ» វគ្គ១ និងវគ្គ២ រឿង «គំនូស៤៩» របស់ Soyo និងបច្ចុប្បន្នគឺរឿង «កុហក» នេះតែម្ដង ដែលកំពុងទទួលការគាំទ្រពីទស្សនិកជន លើបណ្ដាញសង្គម Facebook៕