(បរទេស)៖ ក្រុមហ៊ុនកាហ្វេដ៏ល្បីល្បាញរបស់អាមេរិក Starbucks នៅពេលនេះបានប្រកាសដើរចេញពី ប្រទេស រុស្ស៊ី បន្ទាប់ពីបានប្រកាសផ្អាកប្រតិបត្តិការ និងបញ្ឈប់ការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ីកាលពីខែមីនា។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

Starbucks បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា «ឥឡូវនេះ យើបានធ្វើការសម្រេចចិត្តដើម្បីចាកចេញ ហើយលែងមានវត្តមានយីហោនៅក្នុងទីផ្សារទៀតហើយ»

ជាមួយនឹងការសម្រេចចិត្តចាកចេញនេះ Starbucks ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា បុគ្គលិកនៅក្នុងប្រទេស រុស្ស៊ីដែលមានចំនួនប្រមាណ ២០០០នាក់ នឹងទទួលបានប្រាក់ឈ្នួល សម្រាប់រយៈពេល ៦ ខែទៀត ហើយ Starbucks ក៏នឹងជួយពួកគេក្នុងការស្វែងរកការងារថ្មីផងដែរ។

Starbucks បានបើកដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០០៧ និងបានពង្រីកខ្លួនបានរហូតដល់ ១៣០ទីតាំង ដោយគិតត្រឹម ខែ មីនា ឆ្នាំ២០២២កន្លងទៅនេះ។

គូរបញ្ជាក់ផងដែរថា Starbucks និង McDonald's បានផ្អាកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី កាលពីខែមីនា បន្ទាប់ពីរុស្ស៊ីបានឈានពានមកដល់ប្រទេសអ៊ុយក្រែន ហើយមិនមែនមានតែក្រុមហ៊ុនអាមេរិក ពីរនេះទេដែលបានផ្អាក ឬបិទប្រកាសរបស់ខ្លួននៅក្នុងប្រទេស រុស្ស៊ីនោះគឺមានក្រុមហ៊ុនអាមេរិក និងអឺរ៉ុបជាច្រើនទៀត៕

https://edition.cnn.com/2022/05/23/business-food/starbucks-russia/index.html