(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងឈានមុខគេរបស់កូរ៉េខាងត្បូង Samsung បានប្រកាសឱ្យដឹងថា ខ្លួននឹងវិនិយោគនូវទឹកប្រាក់ប្រមាណ ៤៥០ពាន់ពាន់លានវ៉ុន (ប្រហែល ៣៥៦ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីពន្លឿន និងជំរុញកំណើនសង្វាក់ផលិតកម្មលើផលិតផលពាក់កណ្ដាល សម្រេច រួមនឹងបច្ចេកវិទ្យាចុងក្រោយផ្សេងៗទៀត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនកំពូលរបស់កូរ៉េខាងត្បូងមួយនេះ បានត្រៀមប្រាក់ដ៏ច្រើនសន្ធឹកដើម្បី ជំរុញលើវិស័យ ផ្សេងៗ ប៉ុន្តែ ក្នុងនោះអ្វីដែលត្រូវផ្តោតសំខាន់នោះគឺវិស័យយុទ្ធសាស្ត្រ ដូចជាផ្នែកបន្ទះឈីប។

Samsung Electronics បច្ចុប្បន្នដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ (Memory) ធំជាងគេបំផុត នៅលើ ពិភពលោក មិនបានបង្ហាញឱ្យដឹងថា នឹងត្រូវចំណាយប្រាក់វិនិយោគបន្ថែមចំនួនប៉ុន្មាននោះទេ គ្រាន់តែដឹងថា ទឹកប្រាក់វិនិយោគប្រមាណ ៨០ភាគរយគឺត្រូវបានចាក់បញ្ចូលទៅក្នុងអាជីវកម្មដែលមានទាំង អស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

Samsung បាននិយាយនៅក្នុងសេចក្តីប្រកាសថា ការធានានូវបន្ទះឈីបក្នុងស្រុក និងខ្សែសង្វាក់ផ្គត់ផ្គង់ជីវឧស្ម័ននឹងមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងមានសារៈសំខាន់សម្រាប់សន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង៕