(សេអ៊ូល)៖ ក្រុមហ៊ុន Hyundai Motor Group បានប្រកាសពីផែនការវិនិយោគបន្ថែមទៀតប្រមាណ ៦៣ពាន់ពាន់លានវ៉ុន (ប្រហែល ៤៩.៨៦ពាន់លានដុល្លារ) នៅក្នុងប្រទេសកូរ៉េខាងត្បូងរហូតដល់ឆ្នាំ ២០២៥ ដើម្បីពង្រឹងការប្រកួតប្រជែងរបស់ខ្លួនក្នុងវិស័យអាជីវកម្មផ្សេងៗ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

មួយរយៈចុងក្រោយនេះ Hyundai កំពុងតែបោះជំហានកាន់តែខ្លាំងទៅក្នុងវិស័យអគ្គីសនី រួមបញ្ចូលទាំងមនុស្សយន្ត, យន្តហោះស្វ័យប្រវត្តិខ្នាតតូច ក៏ដូចជាបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិជាដើម។

ដោយឡែកកាលពីថ្ងៃអាទិត្យកន្លងទៅ Hyundai ក៏ទើបតែប្រកាសផែនការរបស់ខ្លួនក្នុងការវិនិយោគជាង ១០ពាន់លានដុល្លារក្នុងសហរដ្ឋអាមេរិក នៅឆ្នាំ២០២៥ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាមេរិកក្នុងបច្ចេកវិទ្យាទំនើប ដោយរួមបញ្ចូលទាំងការវិនិយោគចំនួន ៥.៥ពាន់លានដុល្លាររបស់ខ្លួនសម្រាប់រថយន្តអគ្គីសនី និងការផលិតអាគុយថ្មីនៅហ្សកហ្ស៊ីផងដែរ៕