(ឡុងដ៍)៖ ក្លិបបាល់ទាត់ West Ham United បានចាប់អារម្មណ៍ និងសាកសួរអំពីកីឡាករ Jesse Lingard របស់ក្លិប Manchester United ដែលនឹងក្លាយជាកីឡាករគ្មានក្លិបលេងនៅខែក្រោយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

អ្នកចាត់ការក្លិបញញួរធំ West Ham លោក David Moyes បានចាប់អារម្មណ៍ជាយូរមកហើយលើខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេស វ័យ ២៩ឆ្នាំរូបនេះ បន្ទាប់ពីការលេងខ្ចីជើងប្រកបដោយភាពជោគជ័យកាលពីរដូវកាលមុន។

លោក Moyes បានព្យាយាមចំនួន ២លើករួចហើយមកក្នុងការចុះហត្ថលេខាយកកីឡាករ Lingard លើកិច្ចសន្យាអចិន្ត្រៃយ៍ចាប់តាំងពីពេលនោះមក។

កីឡាករ Lingard បានលើកឡើងថា លោកបានសម្រេចចិត្តចាកចេញពីបិសាចក្រហម Manchester United បើទោះបីជាការមកដល់នៃអ្នកចាត់ការថ្មី Erik ten Hag ក៏ដោយ។

សូមជម្រាបថា Lingard បានស៊ុតបាល់បញ្ចូលទី ៩គ្រាប់ និងបញ្ជូនបាល់បាន ៥គ្រាប់នៅក្នុងការបង្ហាញខ្លួន ១៦ប្រកួតសម្រាប់ក្លិបញញួរធំ នៅអំឡុងពេលលេងខ្ចីជើង ហើយបានជាប់កីឡាករឆ្នើមប្រចាំខែមេសា ឆ្នាំ២០២១ នៃលីគ Premier League ទៀតផង៕