(ម៉ូនិច)៖ ក្លិបខ្លារខិន Bayern Munich របស់អាល្លឺម៉ង់បានចុះកិច្ចសន្យា នាំយកខ្សែការពារលំដាប់អន្តរជាតិម៉ារ៉ុក Noussair Mazraoui លើការផ្ទេរដោយគ្មានតម្លៃខ្លួន (Free Transfer) មកពីក្លិបហូឡង់ Ajax Amsterdam។ នេះបើតាមការឲ្យដឹងពីក្លិបម្ចាស់ពានរង្វាន់ជើងឯក Bundesliga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

កីឡាករវ័យ ២៤ឆ្នាំខាងលើនេះនឹងចូលរួមជាមួយ Bayern លើកិច្ចសន្យារយៈពេល ៤ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០២៦ បន្ទាប់ពីកំពុងឈានដល់ការបញ្ចប់កិច្ចសន្យារបស់លោកជាមួយក្លិប Ajax ជាទីកន្លែងដែលលោកបានចូលរួមលេង ក្នុងនាមជាកីឡាករយុវជន និងបានបង្ហាញខ្លួនជាង ១០០ប្រកួត នៅក្នុងការប្រកួតទាំងអស់។

Mazraoui បានក្លាយជាកីឡាករដំបូងគេដែលបានចុះកិច្ចសន្យានៅក្នុងរដូវក្តៅនេះ សម្រាប់ក្លិប Bayern ខណៈក្លិបក៏ទើបតែបានបន្តកិច្ចសន្យាថ្មីជាមួយនឹងកីឡាករល្អរបស់ក្លិបចំនួន ២រូបគឺ Manuel Neuer និងកីឡាករ Thomas Mueller នៅក្នុងខែនេះ បន្ទាប់ពីឈ្នះពានរង្វាន់ជាលើកទី១០ ជាប់ៗរួចមក៕