(កូរ៉េ)៖ ប្រជាប្រិយភាពរបស់ក្រុមចម្រៀង K-POP BTS នៅសហរដ្ឋអាមេរិកកំពុងកើនឡើងជាលំដាប់ក្នុងរយៈពេលចុងក្រោយនេះ។ ជាពិសេស គឺបន្ទាប់ពីក្រុមនេះ បញ្ចេញបទ «Dynamite» ដែលច្រៀងជាភាសា អង់គ្លេស ដំបូងបង្អស់។ អ្វីដែលសំខាន់ បន្ទាប់ពីលោក Joe Biden ទៅទស្សនកិច្ចនៅកូរ៉េខាងត្បូងរួចរាល់ គឺមានវីដេអូ Clip មួយត្រូវបានយកមកចាក់ក្នុងកម្មវិធី «The Tonight Show» ដែលកាត់ប្លង់នៃការនិយាយរបស់លោកប្រធានាធិបតី Joe Biden បញ្ចូលគ្នា ហាក់បីដូចជារូបលោកកំពុងច្រៀងបទ «Butter» របស់ BTS។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo បានឲ្យដឹងថា ក្នុងកម្មវិធី «The Tonight Show» ដែលមាន Jimmy Fallon ជាពិធីករ ហើយក៏ជា ARMY ម្នាក់ដែរនោះ បានបង្ហាញឃ្លីបវីដេអូប្លែកថ្មីបែបកំប្លែងមួយ ក្នុងកម្មវិធីរបស់ខ្លួន ដោយត្រូវបានកាត់ប្លង់នៃការនិយាយរបស់លោកប្រធានាធិបតី Joe Biden អំឡុងពេលនៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោក មកកាន់អាស៊ីក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក ហើយអមជាមួយនឹងបទ «Butter» របស់ BTS។

យ៉ាងណាមិញ តាមពិតទៅមិនមែនជាវីដេអូដែលលោក Joe Biden ច្រៀងនោះទេ ពោលគឺត្រូវបានក្រុមការងាររបស់កម្មវិធី «The Tonight Show» កាត់ឃ្លីបពិតៗរបស់លោក ហើយបង្កើតជា Cover ក្លែងក្លាយ (Fake Cover) តែប៉ុណ្ណោះ។

គួរជម្រាបថា វីដេអូច្រៀងក្លែងក្លាយ ដែលចាក់ក្នុងកម្មវិធី «The Tonight Show» នោះ គឺកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង៕