(បរទេស)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានបង្ហាញឱ្យដឹងថា កិច្ចព្រមព្រៀងពន្ធឌីជីថលសកលប្រហែលជាមិនទាន់រួចទេ រហូតដល់ចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ឯណោះ ដែលទំនងជាត្រូវពន្យាពេលកាន់តែយូរចំពោះការអនុវត្តកំណែទម្រង់នោះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

យ៉ាងណាមិញចំពោះកិច្ចព្រមព្រៀងខាងលើ ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំនេះ ក្នុងគោលបំណងផ្លាស់ប្តូរសិទ្ធិក្នុងការយកពន្ធលើក្រុមហ៊ុនឌីជីថលធំៗដូចជា Apple និង Google ទៅកាន់បណ្តាលប្រទេសនានាដែលមានទីតាំងរបស់ពួកគេ។

ប៉ុន្តែត្រូវបានលើកទៅជាង ១ឆ្នាំទៀតទើបបានរួចរាល់ ដោយលោក Le Maire បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការព្រួយបារម្មណ៍ អំពីការយកពន្ធឌីជីថលនៅកើតឡើង ដោយយើងនឹងមិនបោះបង់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ និងសមាជិកនៃ OECD ឱ្យខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់ពួកគេដើម្បីឱ្យមានមតិជាឯកច្ឆ័នគ្នាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ»។ ដោយលោកបញ្ជាក់ថា «វាអាចនឹងចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ចំណុចសំខាន់គឺត្រូវមានការរៀបចំឡើងវិញទាំងស្រុងនៃប្រព័ន្ធច្បាប់ពន្ធអន្តរជាតិ»

គួរជម្រាបដែរថា នៅក្នុងកិច្ចព្រមព្រៀងនោះមានបណ្តាលប្រទេសជិត ១៤០បានយល់ព្រមកាលពីខែតុលាឆ្នាំមុន ដើម្បីសរសេរឡើងវិញនូវច្បាប់នៃការយកពន្ធអន្តរជាតិជាលើកដំបូងក្នងជំនាន់ឌីជីថលមួយ ដោយត្រូវបានកំណត់ថ្ងៃផុតកំណត់សម្រាប់ការអនុវត្តឆ្នាំ២០២៣ខាងមុខនេះ៕