(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានបញ្ជាក់ថា ឧស្សាហកម្មថ្នាំជក់ បានបំផ្លាញយ៉ាងខ្លាំងទៅដល់សុខុមាលភាពប្រជាជន សេដ្ឋកិច្ចជាតិ រួមទាំងបង្កជាបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុផងដែរ។

ក្រុមហ៊ុនថ្នាំជក់ក៏បានព្យាយាមបង្ហាញទៅកាន់ អ្នកបង្កើតគោលនយោបាយ និងប្រជាពលរដ្ឋដែរថា ខ្លួនបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ សហគមន៍ សេដ្ឋកិច្ចជាតិ និងបរិស្ថាន តែនេះគ្រាន់តែដើម្បីបិទបាំងឥទ្ធិពលអាក្រក់របស់ខ្លួនប៉ុណ្ណោះ។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ លោកវេជ្ជបណ្ឌិត មុំ គង់ បានថ្លែងបញ្ជាក់ទៀតថា សកម្មភាពដ៏តិចតួចទាំងនោះ វាត្រឹមជាការបំភាន់ បិទបាំងឥទ្ធិពលអាក្រក់ នៃឧស្សាហកម្មថ្នាំជក់ និងសាងឈ្មោះក្រុមហ៊ុន និងផលិតផលរបស់ខ្លួនប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា តាមការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក បានបង្ហាញឱ្យដឹងថាជារៀងរាល់ឆ្នាំប្រជាជនកម្ពុជាប្រមាណ១៥០០០នាក់ ឬប្រមាណ៤០នាក់ ក្នុង១ថ្ងៃ ត្រូវបានស្លាប់ដោយសារតែការប្រើប្រាស់ផលិតផលថ្នាំជក់។ បើនិយាយពីសេដ្ឋកិច្ចក៏ត្រូវបានរកការបំផ្លាញយ៉ាងខ្លាំងផងដែរ ដោយក្នុងនោះកម្ពុជាត្រូវបានខាតបង់ថវិការប្រមាណជា ៦៤៩លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ គឺស្មើនឹង៣%នៃ GDP របស់កម្ពុជា។

លើសពីនេះ បើយោងតាមមជ្ឈមណ្ឌលសម្រាប់អភិបាលកិច្ចល្អក្នុងការតួ្រតពិនិត្យផលិតផលថ្នាំជក់ពិភពលោក (GGTC) នៅក្នុងផលិតកម្មថ្នាំជក់នៅលើពិភពលោក បានបំផ្លាញព្រៃឈើយ៉ាងច្រើនគឺប្រមាណជា៥%នៃព្រៃឈើដែលបាត់បង់សរុប។ ក្នុងមួយឆ្នាំៗវាបានបង្កើតជាកាកសំណល់រឹងប្រមាណជា២៥លានតោន ទឹកកខ្វក់ប្រមាណ៥៥លានម៉ែត្រគូប និងបំភាយឧស្ម័នកាបូនឌីអុកស៊ីតប្រមាណ៨៤លានតោនចូលទៅក្នុងបរិយាកាស។ បន្ថែមពីលើនេះទៅទៀត ប្រេងឥន្ធនៈប្រមាណ២១ពាន់លានលីត្រត្រូវបានបង្ហូរចូលទៅក្នុងទឹក និងប្រើប្រាស់នៅក្នុងដំណើរការដុតសម្ងួតផលិតថ្នាំជក់។

លោកបានបន្ថែមថា ដើម្បីជាការសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ក៏ដូចជាគិតទៅដល់សេដ្ឋកិច្ចជាតិ និងបរិស្ថាន កម្ពុជាគួរណាស់តែបង្កើតឱ្យមានគោលនយោបាយដំឡើងពន្ធថ្នាំជក់ ក្នុងគោលបំណងឱ្យបានសម្រេចដល់៧៥%នៃតម្លៃលក់រាយ តាមការណែនាំរបស់អង្គការសុខភាពពិភពលោកដែលធ្វើឱ្យកម្ពុជាអាចជួយសង្គ្រោះប្រជាពលរដ្ឋប្រមាណ៥៧០០០នាក់ពីការស្លាប់មុនអាយុ និងបង្ការកុំឱ្យខាតបង់សេដ្ឋកិច្ច និងចំណាយលើការព្យាបាលប្រមាណ១៨៩៩លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ២០៣៣។

លើសពីនេះទៅទៀតតាមរយៈគោលនយោបាយដំឡើងពន្ធច្បាស់លាស់ កម្ពុជានឹងទទួលបានចំណូលពន្ធបន្ថែមប្រមាណ ២៣៥លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល១៥ឆ្នាំខាងមុខផងដែរ។

លោកវេជ្ជបណ្ឌិត មុំ គង់ បានអះអាងថា កាលើកឡើងដូចនេះ ដោយយោងពីប្រភពសាលកលវិទ្យាល័យ BATH, UK និងមជ្ឈមណ្ឌលសម្រាប់អភិបាលកិច្ចល្អ ក្នុងការត្រួតពិនិត្យថ្នាំជក់ពិភពលោក (GGTC)ផងដែរ៕