(ភ្នំពេញ)៖ បន្ទាប់ពីការអាក់ខាន និងផ្អាកពាក់កណ្ដាលទីអំឡុងពេលមហោស្រពនាឆ្នាំ២០២០ និងការខកខានអស់ពេល២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) បានត្រឡប់មកវិញហើយសម្រាប់រដូវកាលទី១១ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃ៣ ខែកក្កដា ២០២២។

លោក Cedric Eloy នាយក CIFF បានឲ្យដឹងក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្ដីពី «មហោស្រពភាពយន្ដអន្ដរជាតិលើកទី១១» រៀបចំឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ថា រយៈពេល២ឆ្នាំនេះ ជាពេលវេលាមួយដ៏លំបាក ចំពោះវិស័យទាំងឡាយ ពាក់ព័ន្ធនឹងការច្នៃប្រឌិត ទាំងសិល្បករ និងស្ថាប័នវប្បធម៌ ដោយសារតែជំងឺកូវីដ១៩ ថ្ងៃនេះជាក្ដីសង្ឃឹម និងជាក្ដីសោមនស្សធំបំផុតដែល CIFF នឹងនាំកម្លាំងនៃក្រុមច្នៃប្រឌិតទាំងអស់ ឱ្យមកជួបជុំគ្នាជាថ្មី ហើយនាំមកនូវភាពសប្បាយរីករាយនៃ ការទស្សនាភាពយន្តនៅលើផ្ទាំងសំពត់សម្ដងទៀត ហើយឆ្នាំទី១១នេះនឹងដើរតួសំខាន់មួយ ក្នុងការបញ្ឆេះម៉ាស៊ីនរបស់ឧស្សាហកម្មភាពយន្តជាថ្មីម្ដងទៀត។

លោកបានបន្ដថា សម្រាប់មហោស្រពភាពយន្ដអន្ដរជាតិដែលរៀបចំឡើងនៅក្នុងឆ្នាំ២០២២នេះ គឺមានភាពយន្ដខ្មែរជាច្រើន នឹងត្រូវបានចាក់បញ្ចាំង។ ដូចគ្នាសម្រាប់ឆ្នាំនេះនឹងមានការចូលរួមយ៉ាងកំហុក ពីសំណាក់សាធារណជន ដែលតែងតែគាំទ្រវិស័យភាពយន្ដនេះ។

លោក ជៀប សុវិជ្ជា ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងការទទួលការថតភាពយន្ដបរទេសនៅកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល២ឆ្នាំនេះពិតជាទទួលរងការលំបាកមែនទែន សម្រាប់ផលិតករបរទេស ក្នុងការផលិតវីដេអូនៅកម្ពុជា ដោយសារតែបញ្ហានៃជំងឺកូវីដ១៩នេះ ប៉ុន្ដែពេលនេះផលិតករបរទេស ចាប់ផ្ដើមងាកត្រឡប់មកធ្វើការងារឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩បានធូរស្បើយ។

លោកបានបន្ដថា វិស័យភាពយន្ដបានដើរតួសំខាន់ណាស់លើសេដ្ឋកិច្ច ដែលបានផ្ដល់ការងារ ផ្ដល់កម្រៃ ដល់ជំនាញគ្រប់ផ្នែកនៃភាពយន្ដ លើសពីនេះបានបញ្ជ្រាប់បង្ហាញពីវប្បធម៌ បង្ហាញពីសក្ដានុពលរបស់កម្ពុជា ដល់សារធារណជននៅក្រៅប្រទេស តាមរយៈខ្សែភាពយន្ដដែលបានថតនៅកម្ពុជានេះ ដោយអាចទាក់ទាញភ្ញៀវទេសចរចូលកម្ពុជាបានទៀតផង។

លោក ជៀប សុវិជ្ជា បានអំពាវនាវដល់បងប្អូនសារធារណជនទាំងអស់ ចូលរួមក្នុងកម្មវិធី មហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាឲ្យបានច្រើនកុះករ និងអាចទាញយកបទពិសោធន៍ថ្មីៗ ពីភាពយន្ដជាតិ និងអន្ដរជាតិជាច្រើនតាមរយៈកម្មវិធីមហោស្រពភាពយន្ដនេះផងដែរ។

លោក ជា សុភាព នាយកមជ្ឈមណ្ឌលបុប្ផាណា បានឲ្យដឹងថា ការរាតត្បាតនៃជំងឺកូវីដ១៩ បានប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យភាពយន្តនៅកម្ពុជា ក៏ដូចជាទូទាំងពិភពលោក នៅកម្ពុជាសកម្មភាពវប្បធម៌ និងភាពយន្តត្រូវបានបិទ ហើយបន្ទាប់មកត្រូវបានរឹតត្បិតអស់ពេលជិត២ឆ្នាំ ប៉ុន្ដែពេលនេះយើងពិតជារីករាយណាស់ ដែលអាចនាំយកព្រឹត្តិការណ៍ភាពយន្តដ៏ធំបំផុតមួយនេះ មកបង្ហាញជូនទស្សនិកជនឡើងវិញនៅឆ្នាំនេះ។

មហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១១នេះ នឹងប្រព្រឹត្តទៅនៅតាមរោងភាពយន្តច្រើនជាង១០ទីតាំងនៅទីក្រុងភ្នំពេញរួមមាន សាលសន្និសីទចតុមុខ រោងភាពយន្ត Major Cineplex រោងភាពយន្ត Legend Cinema សណ្ឋាគារ Rosewood មជ្ឈមណ្ឌលបុប្ផាណា វិទ្យាស្ថានបារាំង Java Creative និង Factory Phnom Penh៕