(ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃអង្គារសប្ដាហ៍នេះបានអនុម័តហើយលើសំណើទិញក្លឹបបាល់ទាត់តោខៀវ Chelsea របស់ក្រុមហ៊ុនសម្ព័ន្ធមួយដឹកនាំ ដោយអ្នកជំនួញអាមេរិក លោក Todd Boehly ហើយក្នុងថ្ងៃជាមួយគ្នា លីគកំពូល Premier League ក៏បានទទួលស្គាល់ម្ចាស់ថ្មីរបស់ក្លឹបដែលមានមូលដ្ឋាន នៅក្នុងទីក្រុងឡុងដ៍មួយនេះដែរ។

ក្លឹបបាល់ទាត់តោខៀវ Chelsea ត្រូវបានលក់ក្នុងតម្លៃ ៤.២៥ពាន់លានផោន ឬស្មើនឹងជាង ៥.២ពាន់លានដុល្លារ។ Chelsea ត្រូវបានដាក់លក់កាលពី ខែមីនាកន្លងទៅ ពោលគឺនៅមុនម្ចាស់ក្លឹបចាស់ គឺលោក Roman Abramovich ជាប់ទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដោយសារតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក វ្ល៉ាឌីមៀ ពូទីន។

ការអនុម័តខាងលើរបស់រដ្ឋាភិបាលអង់គ្លេសធ្វើឡើង បន្ទាប់ពីមានការធានាថាលោក Roman Abramovich នឹងមិនទទួលបានផលចំណេញពីការលក់ក្លឹប Chelsea ទេ ខណៈទ្រព្យសម្បត្តិរបស់លោកក្នុងចក្រភពអង់គ្លេសត្រូវបានបង្កក។ ក្នុងនាមជាម្ចាស់ក្លឹបមួយរូប លោក Roman Abramovich ក៏បានចូលរួម ចំណែកធ្វើឱ្យ Chelsea ក្លាយជាក្លឹបបាល់ទាត់មានកេរិ៍ឈ្មោះដ៏ល្បីមួយនៅក្នុងតំបន់អឺរ៉ុប។ តែចាប់ពេលនេះទៅ សករាជរបស់លោក Abramovich ត្រូវបិទបញ្ចប់ ហើយលោក Todd Boehly នឹងបើកសករាជថ្មីរបស់លោកជាមួយ Chelsea។

* លោក Todd Boehly គឺជានរណា?

ជាអ្នកជំនួញអាមេរិកម្នាក់មានអាយុ ៤៨ឆ្នាំ និងដែលមានទ្រព្យសម្បតិ្តសរុប ៤.៥ពាន់លានដុល្លារ លោក Todd Boehly កាន់កាប់ភាគហ៊ុន ២០ភាគរយ នៅក្នុងក្លឹបកីឡា baseball អាមេរិក LA Dodgers ហើយរួមគ្នាជាមួយលោក Mark Walter លោក Boehly ក៏កាន់កាប់ភាគហ៊ុន ២៧ភាគរយនៅក្នុង ក្រុមបាល់បោះ Los Angeles Lakers នៃក្របខណ្ឌបាល់បោះអាមេរិក NBA ផងដែរ។

លោក Todd Boehly បានបង្កើតក្រុមហ៊ុនសម្ព័ន្ធ Eldridge Industries ក្នុងឆ្នាំ២០១៥។ Eldridge Industries គឺជាក្រុមហ៊ុនសម្ព័ន្ធមួយដែលវិនិយោគលើ មុខជំនួញជាច្រើនរួមមានដូចជា ក្រុមហ៊ុនធានារ៉ាប់រង, អចលនទ្រព្យ, បច្ចេកវិទ្យា និងក្រុមហ៊ុនចំណីអាហារជាដើម។

គួរបញ្ជាក់ថា ក្រៅតែពីលោក Todd Boehly នៅមានតួអង្គសំខាន់ៗមួយចំនួនទៀតដែលនៅពីក្រោយការទិញយកក្លឹបតោខៀវ Chelsea រួមមានក្រុមហ៊ុន Clearlake Capital, លោក Mark Walter ដែលជានាយកប្រតិបត្តិកក្រុមហ៊ុនហិរញ្ញវត្ថុ Guggenheim Partners ព្រមទាំងមហាសេដ្ឋីស្វីស លោក Hansjoerg Wyss៕

ប្រភព៖ BBC (ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២)