(ហែលស៊ីនគី)៖ ប្រទេសហ្វាំងឡង់ នឹងត្រូវរង់ចាំ១ឆ្នាំ យូរជាងការគ្រោងទុក សម្រាប់ការវិលត្រឡប់មកវិញ នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូ MotoGP របស់ខ្លួន, ជាមួយនឹងការប្រណាំងនៅឯទីលាន KymiRing ឥឡូវនេះត្រូវបានពន្យារពេល រហូតដល់រដូវកាល២០២៣ ដោយសារការងារផ្តល់ការអនុញ្ញាតពីអាជ្ញាធរ និងស្ថានភាពភូមិសាស្ត្រនយោបាយ នៅទ្វីបអឺរ៉ុប, នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ។

ការងារផ្តល់ការអនុញ្ញាតពីអាជ្ញាធរ គឺជាដំណើរការនៃការបញ្ជាក់ថាតើ ផ្លូវប្រណាំង, យានជំនិះ ឬក៏ផ្នែកនោះ ស្របតាមសំណុំនៃស្តង់ដារ មុនពេលការប្រើប្រាស់វា ក្នុងការប្រណាំងអាជីព។

«ការងារផ្តល់ការអនុញ្ញាតពីអាជ្ញាធរ នៅឯទីលានប្រណាំង KymiRing បូករួមជាមួយនឹងហានិភ័យ នៃការបន្តកើនឡើងដោយស្ថានភាពនយោបាយ នៅក្នុងតំបន់, បានបង្ខំឲ្យមានការលុបចោល នូវព្រឹត្តិការណ៍ Finnish Grand Prix in 2022», នេះបើតាម MotoGP បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

រុស្ស៊ី ដែលជាប្រទេសជិតខាងរបស់ហ្វាំងឡង់ បានចាប់ផ្តើមឈ្លានពានអ៊ុយក្រែន រយៈពេល៣ខែកន្លងទៅ, ជាមួយនឹងទីក្រុង Moscow បានហៅវាថា "ប្រតិបត្តិការយោធាពិសេស" មួយ៕