(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Samsung SDI និង Stellantis NV គ្រោងវិនិយោគជាង ២.៥ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រអាគុយអគ្គីសនីរួមគ្នាថ្មីមួយនៅទីក្រុង Kokomo រដ្ឋ Indiana ក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

រោងចក្រថ្មីនេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ខាងមុខក្នុងគោលបំណងផលិតប្រចាំឆ្នាំដំបូងចំនួន ២៣ជីហ្គាវ៉ាត់ម៉ោង (GWh) ជាមួយនឹងគោលដៅបង្កើនដល់ 33 GWh ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។ ដោយការបណ្តាក់ទុនរួមគ្នានេះនឹងបង្កើតការងារថ្មីចំនួន ១,៤០០ រួមទាំងការវិនិយោគអាចកើនឡើងជាលំដាប់រហូតដល់ ៣.១ពាន់លានដុល្លារឯណោះ។

យ៉ាងណាមិញនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Samsung SDI លោក Yoonho Choi បានបង្ហាញថាគោលជំហរថា «រោងចក្រថ្មីនេះនឹងធានាបាននូវជំហរដ៏រឹងមាំនៅក្នុងទីផ្សាររថយន្តអគ្គីសនីរបស់អាមេរិកខាងជើងដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយនឹង Stellentis»។ ខណៈដែល Samsung SDI នឹងប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន PRIMX ដើម្បីចូលរួមក្នុងការផលិតអាគុយអគ្គីសនី និងម៉ូឌុលសម្រាប់អាមេរិកខាងជើងផងដែរ៕