(កូរ៉េ)៖ រឿងក្តីរបស់តារាចម្រៀងល្បីឈ្មោះកូរ៉េ អតីតសមាជិកក្រុម Big Bang គឺលោក Seungri ហាក់មិនទាន់បញ្ចប់នោះឡើយ ខណៈនៅព្រឹកនេះ តុលាការកំពូលរបស់កូរ៉េខាងត្បូង បានច្រានចោលបណ្តឹងឧទ្ធរណ៍សុំបន្ធូរបន្ថយទោសរបស់ Seungri។ ប្រការនេះបានធ្វើឲ្យ Seungri បន្តជាប់ពន្ធនាគារយៈពេល១៨ខែបន្តទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

តុលាការកំពូលរបស់កូរ៉េខាងត្បូងបានបើកសវនាការ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីដោះស្រាយរឿងក្តីរបស់តារាប្រុស Seungri។ ក្នុងនោះ តុលាការបានច្រានចោលទាំងបណ្តឹងឧទ្ធរណ៍របស់ Seungri និងរបស់ព្រះរាជអាជ្ញារ សម្រាប់ការកាត់ទោស Seungri ពីបទល្មើសខុសច្បាប់ជាច្រើនរួមមានដូចជា ករណីពេស្យាចារ និងការលេងល្បែងស៊ីសង ដែលជាបទល្មើស២ក្នុងចំណោមបទចោទប្រកាន់សរុបចំនួន៩ទៀត។ បណ្តឹងឧទ្ធរណ៍របស់ភាគីខាង Seungri គឺដើម្បីឲ្យតុលាការបន្ធូរបន្ថយទោស ទាក់ទងនឹងការចោទប្រកាន់លើការលេងល្បែងស៊ីសងជាប្រចាំ។

គួរជម្រាបថា ក្នុងសេចក្តីសម្រេចរបស់តុលារការលើកទី១ Seungri បានសារភាពចំពោះកំហុសចំពោះបទចោទប្រកាន់ទាំង៩ ដែលបានប្តឹងប្រឆាំងនឹងលោក ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និងរងការពិន័យជាប្រាក់ ប្រហែល ៨៦៨,០០០ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងសេចក្តីសម្រេចលើកទី២ ឃើញថាតុលាការបានបន្ថយទោសមកនៅត្រឹម ១៨ខែ វិញ ដោយសារតែ Seungri សារភាពនូវវិប្បដិសារីចំពោះទង្វើរបស់ខ្លួន៕