(បរទេស)៖ ក្រុមហ៊ុន Twitter បានយល់ព្រមបង់ប្រាក់ចំនួន ១៥០លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ថា បានប្រើប្រាស់ព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ ដូចជាលេខទូរស័ព្ទ ដើម្បីកំណត់គោលដៅផ្សាយពាណិជ្ជកម្ម ដែលនេះជាការរំលោភបំពាន់ឯកជនភាព និងសុវត្ថិភាពអ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

ដំណោះស្រាយរបស់ Twitter គ្របដណ្តប់លើការចោទប្រកាន់ថា បានបំភាន់ «សុវត្ថិភាព និងឯកជនភាព» នៃទិន្នន័យអ្នកប្រើប្រាស់ចន្លោះខែឧសភា ឆ្នាំ២០១៣ និងខែកញ្ញា ឆ្នាំ២០១៩ នេះបើយោងតាមឯកសាររបស់តុលាការ។

យោងតាមនាយកដ្ឋានយុត្តិធម៌ និងគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) សហរដ្ឋអាមេរិក បានឱ្យដឹងថា ក្រុមហ៊ុន Twitter នឹងបង់ប្រាក់ចំនួន ១៥០លានដុល្លារជាផ្នែកនៃការទូទាត់ ដើម្បីបញ្ចប់សំណុំរឿង ខណៈដែលតុលារក៏បានតម្រូវឱ្យ Twitter ធ្វើការកែសម្រួលកំហុសឆ្គងនេះឡើងវិញ និងអនុលោមតាមច្បាប់ដែលបានកំណត់។

បណ្ដឹងមួយនេះត្រូវបាន FTC ធ្វើឡើងកាលពីឆ្នាំ២០១១ ដោយក្នុងនោះបានបញ្ជាក់ថា Twitter បានប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ដូចជាលេខទូរស័ព្ទ និងអ៊ីម៉េល ប្រគល់ទៅឱ្យ ក្រុមអ្នក ផ្សព្វផ្សាយ ពាណិជ្ជកម្ម។

ប្រធានផ្នែកឯកជនភាពរបស់ Twitter លោក Damien Kieran បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបានតម្រឹមជាមួយទីភ្នាក់ងារស្តីពីការអាប់ដេតប្រតិបត្តិការ និងការកែលម្អកម្មវិធី" ដើម្បីការពារភាពឯកជន និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កិច្ចព្រមព្រៀងទិញលក់រវាង Twitter និងកំពូលមហាសេដ្ឋី Elon Musk នៅមិនទាន់ធ្វើឡើងជាផ្លូ វការនោះទេ ខណៈដែល លោក Elon Musk និងម្ចាស់ភាគបានរិះគន់ពីគំរូអាជីវកម្ម របស់ Twitter នាពេលបច្ចុប្បន្នថា មិនសម្រេចបានទៅតាមគោលដៅ ជាពិសេសគឺប្រាក់ចំណូលដែលបាន មកពីការផ្សព្វផ្សាយពាណិជ្ជកម្មមានចំនួនតិច៕