(ភ្នំពេញ)៖ វិបត្តិកូវីដ-១៩ បានជះផលប៉ះពាល់ដល់វិស័យជាច្រើន ក្នុងចំណោមនោះក៏មានវិស័យភាពយន្តផងដែរ។ យ៉ាងណាមិញ នៅពេលនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ត្រូវបានគេដឹងថា បានខកខានអស់ពេល២ឆ្នាំមកហើយ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) វិលត្រឡប់មកវិញហើយសម្រាប់រដូវកាលទី១១ ដែលនឹងចាប់ផ្ដើមពីថ្ងៃ២៨ មិថុនា ដល់ថ្ងៃ៣ កក្កដា ២០២២ ខាងមុខនេះ។

ជាការកត់សម្គាល់ នៅក្នុងខែមីនា ឆ្នាំ២០២២ រោងភាពយន្តនៅកម្ពុជា ត្រូវបានអនុញ្ញាតឱ្យបើកទ្វារឡើងវិញបន្ទាប់ពីការបិទអស់២ឆ្នាំ ដោយអាចឱ្យទទួលអ្នកទស្សនាតែ៥០%ប៉ុណ្ណោះ នៃចំនួនកៅអីនៅក្នុងរោងភាពយន្ត។ បន្ទាប់ពីមានកិច្ចប្រឹងប្រែង ពីរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅដើមខែឧសភា សំណើរសុំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីឱ្យរោងភាពយន្តអាចដំណើរការទទួលទស្សនិកជនបាន១០០% ដូចធម្មតាឡើងវិញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តយល់ព្រម។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងក្នុងសុន្ទរកថារបស់លោកថា «ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទប់ស្កាត់ ការរាតត្បាតរបស់ជំងឺកូវីដ១៩ រហូតដល់គ្មានករណីចំឡងក្នុងសហគមន៍ នៅក្នុងសប្តាហ៍ចុងក្រោយកន្លងមកនេះ។ ដោយសង្កេតឃើញការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើវិស័យឧស្សាហកម្មភាពយន្ត រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាសេនាធិការ បានខិតខំជួយដោះស្រាយបញ្ហាប្រឈម និងផ្តល់ការលើក ទឹកចិត្តដល់ផលិតករ អាជីវករក្នុងវិស័យភាពយន្ត ដូចជាការអនុញ្ញាតព្យួរទុកការអនុវត្តកាតព្វកិច្ចពន្ធ ការអនុគ្រោះ លើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ រយៈពេល៣ខែ និងការឧបត្ថម្ភប្រាក់បៀវត្សជូនបុគ្គលិករោងភាពយន្ត ក្នុងអំឡុងពេល២ឆ្នាំកន្លងមកនេះ»។

លោកបន្តថា «តាងនាមឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ពិតជាមានភាពត្រេកត្រអាលយ៉ាងខ្លាំង ដែលក្រុមប្រឹក្សាភិបាលរបស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានសម្រេចនាំយកមហោស្រពភាពយន្តដ៏ធំក្នុងប្រទេសកម្ពុជានេះ ត្រឡប់មកវិញ ក្នុងខែមិថុនានេះ។ យើងសង្ឃឹមថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា នឹងជួយនាំយកមកវិញនូវស្មារតីនៃវិស័យភាពយន្តកម្ពុជា»។

CIFF លើកទី១១នេះ នឹងប្រព្រឹត្តទៅនៅតាមរោងភាពយន្តច្រើនជាង១០ទីតាំង នៅទីក្រុងភ្នំពេញរួមមាន៖ សាលសន្និសីទចតុមុខ, រោងភាពយន្តMajor Cineplex, រោងភាពយន្តLegend Cinema, សណ្ឋាគារ Rosewood, មជ្ឈមណ្ឌលបុប្ផាណា, វិទ្យាស្ថានបារាំង Java Creative និង Factory Phnom Penh។ ការត្រឡប់មកវិញនេះ គឺជាកិច្ចប្រឹងប្រែង ដើម្បីនាំយកមហោស្រពភាពយន្តមកបង្ហាញជូនទស្សនិកជនវិញនៅឆ្នាំនេះ។

គួរជម្រាបថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តអន្តរជាតិធំជាងគេបំផុតនៅកម្ពុជា។ ចាប់ផ្ដើមនៅឆ្នាំ២០១០ មហោស្រពនេះដើរតួជាកត្តាលីករមួយសម្រាប់វិស័យភាពយន្ត ដោយប្រមូលផ្ដុំអ្នកចូលរួមជាង២ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ CIFF ក៏ដើរតួផងដែរ ជាស្ពានរបស់ប្រទេសកម្ពុជានិងពិភពលោក តាមរយៈការនាំមកបង្ហាញនូវវប្បធម៌ និងភាពយន្តរបស់សាកលលោក។ CIFF ក៏រួមចំណែកលើកស្ទួយដល់ចរាចរណ៍របស់ខ្សែភាពយន្តនៅក្នុងតំបន់ និងផ្សព្វផ្សាយពីផលិតកម្មកម្ពុជាផងដែរ៕