(ភ្នំពេញ)៖ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីអំពី «សុវត្ថិភាពអ្នកបើកបរនៅលើដងផ្លូវ» ក្រោមកិច្ចសហការជាមួយអង្គស្នងការនគរបាលជាតិ ដល់បុគ្គលិកដែលកំពុងប្រើប្រាស់យានជំនិះគ្រប់ប្រភេទ និងបុគ្គលិកផ្នែកដឹកជញ្ជូន ដែលចូលរួមសរុប ១០០នាក់ ទាំងពីរថ្ងៃ។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងរយៈពេល ២ថ្ងៃជាប់គ្នា ដោយមានការចូលរួមពីលោក Archie GREPO ប្រធានជាន់ខ្ពស់នៃនាយកដ្ឋានសុវត្ថិភាពនៃក្រុមហ៊ុន ជីប ម៉ុង និងក្រោមវត្តមានវាគ្មិនកិត្តិយស អនុសេនីយ៍ឯក លី វិសាល នាយរងការិយាល័យ និងអនុសេនីយ៍ឯក សេង សុផាត នាយរងផ្នែក នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

វគ្គបណ្ដុះបណ្ដាលបុគ្គលិកនេះ រៀបចំឡើង ដើម្បីអប់រំបន្ថែមអំពីច្បាប់ចរាចរណ៍ផ្លូវគោក គ្រោះថ្នាក់នៃការប្រើប្រាស់សារធាតុខុសច្បាប់ អំលុងពេលប្រើប្រាស់ផ្លូវសាធារណៈ ក៏ដូចជាវិធានការបង្ការឧបទ្ទវហេតុផ្សេងៗ ដើម្បីជាការពង្រឹងស្មារតីបុគ្គលិក ឲ្យប្រុងប្រយ័ត្នខ្ពស់ជានិច្ចនៅពេលធ្វើដំណើរតាមដងផ្លូវ។

វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃយុទ្ធនាការ «សុវត្ថិភាពអ្នកបើកបរនៅលើដងផ្លូវ» របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបាន និងកំពុងរៀបចំឡើងពេញមួយឆ្នាំ សកម្មភាពនេះសបញ្ជាក់ពីការគិតគូរជានិច្ចចំពោះសុវត្ថិភាពរបស់បុគ្គលិក និងប្រជាពលរដ្ឋ។

សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង បង្កើតឡើងតាំងពីឆ្នាំ១៩៨២ បច្ចុប្បន្នគឺជាសាជីវកម្មឈានមុខគេមួយនៅកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ជីប ម៉ុង មានពាណិជ្ជកម្មចំនួន ១៣ ដែលកំពុងឈានមុខគេក្នុងវិស័យជាច្រើនដូចជា ការអភិវឌ្ឍអចលនទ្រព្យ សម្ភារសំណង់ ផ្សារទំនើប ភេសជ្ជៈ ធនាគារ សណ្ឋាគារ ព្រមទាំងមានដៃគូពាណិជ្ជកម្មជាច្រើនទៀតជុំវិញពិភពលោក។ ក្រុមហ៊ុនកំពុងបន្តពង្រីក និងបង្កើតពាណិជ្ជកម្មថ្មីៗជាបន្តបន្ទាប់ ដើម្បីសម្រេចបានចក្ខុវិស័យក្នុងការក្លាយជាក្រុមហ៊ុនខ្នាតធំដែលទទួលបានការគោរព និងសរសើរបំផុតក្នុងតំបន់៕