(ភ្នំពេញ)៖ លោក Tony Anh ប្រធាន World Fight និងជាអ្នកបង្កើតព្រឹត្តិការណ៍លំដាប់អន្ដរជាតិនេះ បានប្រកាសរៀបចំព្រឹត្តិការណ៍កីឡាប្រដាល់ World Fight Tournaments លើកដំបូងនៅកម្ពុជា ដោយនឹងរៀបចំចំនួន ១១កម្មវិធី នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីដើមខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៦ ខែឧសភានេះ លោក Tony Anh បានបញ្ជាក់ថា ការប្រកួតនេះ ទទួលបានការគាំទ្រពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

តាមរយៈនេះ លោកគ្រោងនាំយកកីឡាករល្បីៗជុំវិញពិភពលោក មកចូលរួមការប្រកួត ក្នុងនោះក៏មានកីឡាករគុនខ្មែរ និងកីឡាករឃីកបុកស៊ីងកម្ពុជាផងដែរ ។ ចំពោះកម្មវិធី World Fight Tournaments 2022 នៅកម្ពុជា គឺគ្រោងរៀបចំការប្រកួតលើកទី១ នាថ្ងៃទី០៦ ខែកក្កដាខាងមុខ ហើយក៏មានជំនួបពិសេសរវាងជើងខ្លាំងថៃ Buakaw Banchamek និងជើងខ្លាំងប៉េឡារុស កីឡាករ Varats Dzmitry ផងដែរ។

ដោយឡែកលោក Nuttapong Kaewtrakulpong នាយកគ្រប់គ្រងក្រុមហ៊ុន PTT Cambodia ដែលចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះ បានសម្ដែងនូវសេចក្ដីរីករាយ ដែលបានរួមចំណែករៀបចំព្រឹត្តិការណ៍លំដាប់អន្ដរជាតិខាងលើ ដើម្បីលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរផង និងវិស័យទេសចរណ៍ផង ។ មិនតែប៉ុណ្ណោះ តាមរយៈការប្រកួតនេះ លោកសង្ឃឹមថា នឹងរួមចំណែកផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ World Fight Tournaments 2022 គ្រោងរៀបចំរៀងរាល់ថ្ងៃពុធ ក្នុង ១ខែចំនួន ២ដង ដែលសម្រិតសម្រាំងសុទ្ធតែកីឡាករ-កីឡាការិនីជើងខ្លាំងមកធ្វើការប្រកួត ។ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកួតខាងលើ គេក៏ឃើញមានការចូលរួមគាំទ្រពីសំណាក់កីឡាករគុនខ្មែរ ប៉ោ ភារិទ្ធ (យ៉េន ឌីណា) និងកីឡាករ អេ វីរៈខាំឈីតភូថង ដែលទើបដណ្ដើមបានមេដាយមាស៊ីហ្គេម លើកទី៣១ កាលពីថ្មីៗផងដែរ៕