(ភ្នំពេញ)៖ នៅលើពិភពលោកយើងនេះ ប្រទេសទាំងឡាយមិនមែនសុទ្ធតែនៅជាប់សមុទ្រទាំងនោះទេ។ តើអ្នកដឹងទេថា មានប្រទេសប៉ុន្មានដែលមិននៅជាប់សមុទ្រ?

នៅលើពិភពលោក ប្រទេសដែលមិននៅជាប់សមុទ្រ (Landlocked) មានចំនួន៤៤ប្រទេស ហើយស្ថិតនៅលើទ្វីបចំនួន៤ គឺទ្វីបអាមេរិកខាងត្បូង ទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាស៉ី។

ទ្វីបអាមេរិកខាងត្បូងមានចំនួន២ប្រទេស រួមមាន ប្រទេសបូលីវី និងប្រទេសប៉ារ៉ាហ្កាយ។

ទ្វីបអឺរ៉ុបមានចំនួន១៤ប្រទេស រួមមាន ប្រទេសអង់ដូរ៉ា អូទ្រីស បេឡារុស សាធារណរដ្ឋឆែក ហុងគ្រី លិចតិនស្តាញ លុចសំបួ ម៉ាសេដ្វានខាងជើង ម៉ូលដូវ៉ា សាំងម៉ារ៉ាំង សេប៊ី ស្លូវ៉ាគី ស្វីស និងបុរីវ៉ាទីកង់។

ទ្វីបអាហ្វ្រិកមានចំនួន១៦ប្រទេស រួមមាន ប្រទេសបុតស្វាណា ប៊ូរុនឌី បួគីណាហ្វាសូ អាហ្វ្រិកកណ្ដាល ឆាដ អេត្យូពី ឡេសូតូ ម៉ាឡាវី ម៉ាលី នីហ្សេ រ៉វ៉ាន់ដា ស៊ូដង់ខាងត្បូង ស្វាស៉ីឡង់ អ៊ូហ្កាន់ដា សំប៊ី និងស៉ីមបាវ៉េ។

ទ្វីបអាស៉ីមានចំនួន១២ប្រទេស រួមមាន ប្រទេសអាហ្វហ្កានីស្ថាន អាមេនី អាស៊ែបៃហ្សង់ ប៊ូតង់ ឡាវ ម៉ុងហ្គោលី នេប៉ាល់ កាហ្សាក់ស្ថាន កៀហ្ស៉ីស៉ីស្ថាន តាជីគីស្ថាន តួកមេនីស្ថាន និងអ៊ូសបេគីស្ថាន។

សូមជម្រាបថា មានតែទ្វីបអាមេរិកខាងជើង និងទ្វីបអូស្រ្តាលីទេ ដែលប្រទេសទាំងអស់សុទ្ធតែនៅជាប់សមុទ្រ។ នៅក្នុងសហរដ្ឋអាមេរិក ជាងពាក់កណ្តាលនៃរដ្ឋទាំង៥០ គឺគ្មានព្រំប្រទល់ជាប់សមុទ្រដោយផ្ទាល់នោះទេ ក៏ប៉ុន្តែមានរដ្ឋជាច្រើនដែលមានផ្លូវទឹកចេញទៅកាន់មហាសមុទ្រ តាមរយៈជ្រោយហាដសុន (Hudson) ជ្រោយឆេសាភៀក (Chesapeake) ឬទន្លេមីស៉ីស៉ីពី (Mississippi)៕