(ប៉ារីស)៖ ក្លិបម្ចាស់ពានរង្វាន់ជើងឯកបារាំង Paris St Germain នឹងធ្វើការប្រកួតមុនរដូវកាល ចំនួន៣លើក នៅក្នុងប្រទេសជប៉ុន នៅខែកក្កដាខាងមុខ, នឹងក្លាយជាក្លិបអឺរ៉ុបដំបូងគេ ដែលនឹងទៅប្រកួតនៅជប៉ុន គិតចាប់តាំងពីឆ្នាំ២០១៩, នេះបើយោងតាមសារព័ត CNA ចេញផ្សាយនាយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។

ក្លិបបានប្រកាស នៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេនឹងត្រូវប្រកួតប៉ះក្លិបលេងនៅលីគជប៉ុន J1 League រួមមានក្លិប Kawasaki Frontale, Urawa Red Diamonds និងក្លិប Gamba Osaka នៅថ្ងៃទី២០, ២៣ និង២៥ ខែកក្កដា ដាច់ដោយឡែកពីគ្នា។

PSG, ដែលបានឈ្នះពានរង្វាន់ជើងឯកបារាំងលើកទី១០ កាលពីខែមុននោះ, នឹងក្លាយជាក្លិបមកពីអឺរ៉ុបដំបូងគេ ដែលនឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ជប៉ុន គិតចាប់តាំងពីការរីករាលដាល នៃជំងឺកូវីដ-១៩។

ជប៉ុន បានបិទប្រទេសរបស់ខ្លួនយ៉ាងខ្លាំង ក្នុងរយៈពេល២ឆ្នាំកន្លះចុងក្រោយនេះ ចំពោះការធ្វើដំណើរទស្សនកិច្ចរបស់ក្លិប និងព្រឹត្តិការណ៍កីឡានានា ប៉ុន្តែឥឡូវនេះ កំពុងបង្ហាញសញ្ញាកើនឡើង នៃការបើកទូលាយឡើងវិញ៕