(កំពង់ស្ពឺ)៖ យោងតាមការគ្រោងទុក គណបក្សប្រជាជនខេត្តកំពង់ស្ពឺ នឹងធ្វើពិធីជួបជុំសមាជិកសមាជិការបក្សប្រជាជន ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលបាននឿយហត់ ដោយការប្រគុំតន្ត្រីខ្នាតធំមួយនា ល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នៅមុខមន្ទីរបក្សប្រជាជនខេត្តកំពង់ស្ពឺ។

ការប្រគុំតន្ត្រីខ្នាតធំរបស់គណបក្សប្រជាជនខេត្តកំពង់ស្ពឺនេះ ជាការជូនដំណឹងដល់បងប្អូនកម្មករ-កម្មារិនី និងប្រជាពលរដ្ឋចូលលេងកំសាន្តផងដែរ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ក៏បានអញ្ជើញតារាចម្រៀង និងតារាកំប្លែងដែលមានកំណើតក្នុងទឹកដីខេត្តកំពង់ស្ពឺ ចូលរួមសម្តែងជូនបងប្អូនប្រជាពលរដ្ឋបានសប្បាយផងដែរ។

ការប្រគុំតន្ត្រីនេះ មានការចូលរួមសម្តែងពីតារាចម្រៀងមនោសញ្ចេតនា កញ្ញា អ៊ី វ៉ា (e va) និងកញ្ញា ឈិន ម៉ានិច ដែលមានកំណើតក្នុងខេត្តកំពង់ស្ពឺផ្ទាល់ និងតារាចម្រៀងកន្ទ្រឹមពាក់ដ៏អស្ចារ្យ សម្លេងស្អាស្អកគឺកញ្ញា ម៉ូ វ៉ាន់ធីតា និងកញ្ញា ង៉ុយ កាន់តាណា ដែលមានដើមកំណើតអ្នកខេត្តកំពង់ស្ពឺ។

នារាត្រីនោះក៏មានតារាចម្រៀងប្រុស-ស្រីជាច្រើនចូលរួមសម្តែងកំសាន្ត ដោយការប្រគុំតន្ត្រីខ្នាតយក្សដ៏អស្ចារ្យ សូមអញ្ជើញរាំកំសាន្ត ក្នុងពិធីអបអររបស់គណបក្សប្រជាជន ឬជាការអបអរក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនទូទាំងខេត្តកំពង់ស្ពឺ៕