(ភ្នំពេញ)៖ ក្រុមហ៊ុនខេមាគ្លូប៊ល បានប្រារព្ធពិធីសម្ពោធ និងដាក់ឱ្យដំណើរកាជាផ្លូវការនូវ «មន្ទីរពហុព្យាបាលអន្តរជាតិខេមា ផ្លូវ២០០៤» សាខាទី៣ ដែលមានទីតាំងស្ថិតនៅច្រកចូលធំនៃបុរីអ័រគីដេឌឹរ៉ូយ៉ាល់នៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមួយនឹងផ្តល់ការបញ្ចុះតម្លៃ២០% លើរាល់ការពិគ្រោះ និងព្យាបាលនៅសាខាថ្មីរហូតដល់ដំណាច់ឆ្នាំ២០២២។

ពិធីសម្ពោធនិងដាក់ឱ្យដំណើរកាជាផ្លូវការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមនឹងថ្នាក់ដឹកនាំមន្ទីរពហុព្យាបាលអន្តរជាតិខេមា និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។

មន្ទីរពហុព្យាបាលអន្តរជាតិខេមា ផ្លូវ២០០៤ ជាសាខាទី៣ បន្ថែមទៅលើសាខា២ទៀត ដែលកំពុងផ្តល់សេវាកម្មវេជ្ជសាស្រ្តអស់រយៈពេល១០ឆ្នាំមកហើយ គឺ «មន្ទីរពហុព្យាបាលអន្តរជាតិខេមា ទួលគោក» ដែលមានទីតាំងនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក និង «មន្ទីរពហុព្យាបាលអន្តរជាតិខេមា បឹងកេងកង» ដែលមានទីតាំងនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។ សេវាសំខាន់ៗនៃមន្ទីរពហុព្យាបាលអន្តរជាតិខេមា ផ្លូវ២០០៤ រួមមាន៖ ផ្នែកព្យាបាលរបួសនិងសង្គ្រោះបន្ទាន់ ផ្នែកពិនិត្យសុខភាព ពិគ្រោះ និងព្យាបាលជំងឺទូទៅ និងឯកទេស ផ្នែកជំងឺកុមារ ផ្នែកវះកាត់ ផ្នែកព្យាបាលជំងឺធ្ងន់ និងមណ្ឌលធ្វើរោគវិនិច្ឆ័យ។

លោកវេជ្ជបណ្ឌិត សោម លក្ខិណា ដែលជាសហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពហុព្យាបាលអន្តរជាតិខេមា បានរំឮកឡើងវិញថា «មន្ទីរសម្រាកព្យាបាលទាំង៣នេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជាយើង និងដើម្បីឆ្លើយតបនឹងតម្រូវការសេវាថែទាំសុខភាពឯកជនដែលមានគុណភាព និងស្តង់ដាខ្ពស់ ដូចនៅក្នុងបណ្តាប្រទេសមានការអភិវឌ្ឍនៅក្នុងតំបន់ និងក្នុងពិភពលោក។ ជាមួយនឹងការចូលរួមពីដៃគូវិយោគថ្មីៗ ក៏ដូចជាដៃគូយុទ្ធសាស្រ្តនៅក្នុងស្រុក និងនៅក្រៅប្រទេសមួយចំនួនទៀត មន្ទីរពហុព្យាបាលអន្តរជាតិខេមា បានបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃសេវាពិគ្រោះ ស្រាវជ្រាវ វិភាគ ព្យាបាល និងថែទាំសុខភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា»

លោកវេជ្ជបណ្ឌិត សោម លក្ខិណា បានបន្តថា មន្ទីរពហុព្យាបាលអន្តរជាតិខេមា ផ្លូវ២០០៤ មានផ្តល់សេវាកម្មវេជ្ជសាស្ត្រ ជាច្រើនផ្នែកជាអាទិ៍ ផ្នែកព្យាបាលរបួស និងសង្គ្រោះបន្ទាន់២៤ម៉ោង ទាំងមនុស្សចាស់ និងកុមារ ផ្នែកជំងឺកុមារ ផ្នែកជំងឺទូទៅ និងជំងឺឯកទេស ផ្នែកវះកាត់ ផ្នែកប្រពោធនកម្ម ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកលាងឈាម និងមន្ទីរពិសោធវេជ្ជសាស្ត្រ។

«យើងទាំងអស់គ្នា តែងតែមានក្តីស្រម៉ៃចង់ឃើញសេវាថែទាំសុខភាពរបស់កម្ពុជាយើង ជាពិសេសសេវាថែទាំសុខភាពឯកជន មានភាពរីកចម្រើន និងរឹងមាំ មានគុណភាពល្អ និងមានស្តង់ដារខ្ពស់ប្រហាក់ប្រហែលទៅនឹងប្រទេសដែលមានការអភិវឌ្ឍនៅក្នុងតំបន់ និងក្នុងពិភពលោកដែរ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត សោម លក្ខិណា។

បន្ថែនេះលោកវេជ្ជបណ្ឌិត បានបន្តថា លោកចង់ឃើញវេជ្ជបណ្ឌិតជំនាញ និងវេជ្ជបណ្ឌិតឯកទេសខ្មែរយើងកាន់តែច្រើនឡើង ថែមទៀត មានសមត្ថភាពខ្ពស់អាចផ្តល់សេវាកាន់តែសំបូរបែប គោរពតាមក្រមសីលធម៌វិជ្ជាជីវៈក្នុងការពិគ្រោះ ពិនិត្យ ស្រាវជ្រាវ វិភាគ និងព្យាបាលជំងឺបានត្រឹមត្រូវ និងទាន់ពេលវេលា ហើយផ្តល់ការព្យាបាលកាន់តែមានប្រសិទ្ធភាពដើម្បីឱ្យអ្នកជំងឺមានភាពកក់ក្តៅ និងជឿជាក់។

លោក ម៉ៅ សាវិន តំណាងប្រចាំនៅកម្ពុជា នៃដៃគូវិយោគថ្មី អ៉ី.អិម.អាយ.អេ (EMIA) បានថ្លែងថា ក្រុមវិនិយោគិនរបស់លោកគាំទ្រពេញទំហឹងនូវទស្សនវិស័យរបស់សហស្ថាបនិកក្រុមហ៊ុនខេមាគ្លូប៊ល ក្នុងការស្ថាបនា និងដាក់អោយដំណើរការជាបន្តបន្ទាប់នូវសេវាវេជ្ជសាស្រ្តដែលផ្តោតជាចម្បងទៅលើគុណភាព ប្រសិទ្ធិភាព និងក្រមសីលធម៌វិជ្ជាជីវៈ។ ទុនវិយោគរបស់ អ៉ី.អិម.អាយ.អេ នឹងជួយជំរុញឱ្យក្រុមហ៊ុនខេមាគ្លូប៊ល អាចពង្រីកសាខារបស់ខ្លួនទៅតំបន់យុទ្ធសាស្ត្រថ្មីៗទៀត នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកការផ្តល់សេវាកម្មវេជ្ជសាស្រ្តសំខាន់ៗដល់សាធារណជន។

លោករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងនូវការអបអរសាទរចំពោះការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវបន្ថែមរបស់ក្រុមហ៊ុនខេមាគ្លូប៊ល ដែលបានបណ្តាក់ទុនវិនិយោគក្នុងការបង្កើតមន្ទីរពហុព្យាបាល ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពនៃការផ្តល់សេវាសុខាភិបាល ប្រកបដោយក្រមសីលធម៌ ជំនាញវិជ្ជាជីវៈ ទំនុកចិត្ត និងមានស្តង់ដារវិជ្ជសាស្ត្រខ្ពស់ជូនប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈដែលកម្ពុជា និងប្រជាជាតិនៅក្នុងពិភពលោកកំពុងជួបប្រទះនឹងវិបត្តិនៃការរីករាលដាលយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ក៏ដោយ។

លោករដ្ឋមន្ត្រី បានលើកឡើងថា សម្រាប់ពិធីសម្ពោធមន្ទីរពហុព្យាបាលខេមាដ៏ទំនើបនេះ គឺជាការឆ្លុះបញ្ចាំងនូវការលូតលាស់ទៅមុខឥតឈប់ឈរនៃវិស័យសុខាភិបាល ជាពិសេសការចូលរួមពីវិស័យឯកជន ដោយមានការសាងស់មន្ទីរពេទ្យ មន្ទីរពហុព្យាបាល និងគ្លីនិកនានា ដើម្បីរួមចំណែកផ្តល់សេវាកម្មជូនប្រជាជន និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត៕