(ភ្នំពេញ)៖ វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារបានបញ្ចប់ទៅដោយរលូន និងជោគជ័យដោយមានយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើជាច្រើនរយនាក់បានចូលរួម និងមានអ្នកសម្ភាស ជាប់ការងារសរុប ១៨៥នាក់ ក្នុងនោះជាប់ជាស្ថាពរ ៦២នាក់ ខណៈ ១២៣នាក់ ជាប់បឋម។

គួររំលឹកថា ក្នុងវេទិកាការងារ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ ក្រុមហ៊ុនធំៗទាំង១៤ ដែលបានចូលរួមជ្រើសរើសបុគ្គលិក ក្នុងវេទិកាការងាររបស់ NEA មានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, AEON Cambodia, DKSH Cambodia , JACCS, SUNOMOON, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC, CIC, LUCKY MARKET, LUXELITE GROUP, BYD build your dream, SINET, Grab, Stay Inspired ។

កញ្ញា គង់ សោភីយ៉ា ជានិស្សិតបញ្ចប់ការសិក្សាជំនាញគណនេយ្យ បានលើកឡើងថា កន្លងមក កញ្ញា ធ្លាប់បម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមក ហើយកញ្ញាមកនេះគឺដើម្បីដាក់ពាក្យសម្ភាសការងារនៅផ្សារ AEON។ កញ្ញា ចាត់ទុកថា វេទិកាការងារនេះ បានបង្កបរិយាកាសងាយស្រួលសម្រាប់កញ្ញា ក៏ដូចជាអ្នកស្វែងរកការងារ។

ដូចគ្នានេះដែរ កញ្ញា ជា ចិត្រា រៀនឆ្នាំទី១ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង លើកឡើងថា កញ្ញាដឹងព័ត៌មានវេទិកាការងារ តាមរយៈបណ្តាញសង្គម គួបផ្សំជាមួយមិត្តភ័ក្ត្រ ដូច្នេះកញ្ញាក៏បានមកចូលរួមថ្ងៃនេះ។ ដៃកាន់CV គ្រោងនឹងចូលសម្ភាសនៅផ្សារទំនើប AEON បាន ចាត់ទុកវេទិកាមួយនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកកំពុងស្វែងរកការងារ ឬផ្លាស់ប្តូរការងារ ដោយកញ្ញា សង្កត់ធ្ងន់ថា វេទិកាការងារបានបង្កលក្ខណៈងាយស្រួលដល់កញ្ញាក្នុងការស្វែងរកការងារធ្វើ បានជួបជាមួយនិងនិយោជកដោយផ្ទាល់ និងមិនចំណាយថវិកា។

សូមជម្រាបថា NEA តែងតែរៀបចំវេទិកាការងារនេះឡើងជារៀងរាល់ខែ។ ជាមួយគ្នានេះ សម្រាប់ថ្ងៃទី១៦ មិថុនា ខាងមុខនេះ NEA ក៏នឹងសហការជាមួយក្រុមហ៊ុនពីរផ្សេងទៀត ដើម្បីរៀបចំវេទិកាដូចគ្នានេះផងដែរ។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ)៕