(ភ្នំពេញ)៖ កម្មវិធីប្រគល់មេដាយជូនម្ចាស់ជ័យលាភី ក្នុងការប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង (AMC) ត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២២ នៅសាលាអន្តរជាតិ វេសវីយូ កម្ពុជា ក្រោមអធិបតីភាពលោកស្រី សុខ វណ្ណី ដែលត្រូវជានាយិកាសាលាអន្តរជាតិ វេសវីយូ កម្ពុជា និងសាលាអន្តរជាតិ លើននីង ចាំងហ្គល។

ក្នុងនោះចំនួនមេដាយសរុបមានចំនួន៤ ប្រភេទ ដែលរួមមាន Director Award ឬហៅថាពានរង្វាន់នាយកសាលាអន្តរជាតិ វេសវីយូ កម្ពុជា ដែលជាពានរង្វាន់ខ្ពស់ជាងគេចំនួន ៣៦ មេដាយមាសចំនួន៤៥ មេដាយប្រាក់ចំនួន៦៨ និងមេដាយសំរឹទ្ធចំនួន៨២។

គួររំឮកផងដែរថា កម្មវិធីប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង (AMC) បានប្រព្រឹត្តឡើង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ក្រោមការរៀបចំផ្ទាល់ដោយសាលាអន្តរជាតិ វេសវីយូ កម្ពុជា។ នេះគឺជាការប្រកួតប្រជែងគណិតវិទ្យាដ៏ធំមួយ ដែលធ្វើតាមរយៈតេស្តវាស់ស្ទង់សមត្ថភាពលំដាប់ពិភពលោកដែលមានឈ្មោះថា NWEA MAP ហើយតេស្តនេះមានប្រភពដើមមកពីសហរដ្ឋអាមេរិក និងត្រូវបានប្រើប្រាស់ដោយសាលាអន្តរជាតិធំៗ នៅតាមបណ្តាប្រទេសជឿនលឿនចំនួន ១៤៥ ជុំវិញសកលលោក។

តេស្ត MAP គឺជាតេស្តវាស់ស្ទង់សមត្ថភាពដែលមានសុក្រឹតភាពបំផុត ដោយហេតុថាទាំងវិញ្ញាសារ និងលទ្ធផលនៃតេស្តនេះធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ ដែលរាល់សំណួរនីមួយៗត្រូវបានជ្រើសរើសឡើងដោយស្វ័យប្រវត្តិ ទើបសិស្សានុសិស្សនីមួយៗពុំអាចចម្លងគ្នាបាន និងមិនមានភាពលំអៀងណាមួយនោះឡើយ។ វិញ្ញាសារប្រកួតមិនមែនរៀបចំឡើងសម្រាប់តែសិស្សពូកែប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបណ្តុះបណ្តាលគំនិតឱ្យសិស្សានុសិស្សទូទៅមានភាពជឿជាក់លើខ្លួនឯងផងដែរ។

នេះគឺជាលើកដំបូងដែលប្រទេសកម្ពុជាយើងមានកម្មវិធីប្រឡងប្រជែងវាស់ស្ទង់សមត្ថភាពគណិតវិទ្យាជាសាធារណៈប្រភេទនេះក៏ពិតមែន ប៉ុន្តែយើងឃើញថាមានការចូលរួមប្រឡងយ៉ាងច្រើនកុះករ ពីសំណាក់សិស្សានុសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៩ ដែលក្រៅពីសាលាអន្តរជាតិ វេសវីយូ កម្ពុជា និងសាលាអន្តរជាតិ លើននីង ចាំងហ្គល ក៏មានមកពីបណ្តាសាលាសាធារណៈ និងសាលាអន្តរជាតិផ្សេងៗគ្នាចំនួន ៣៣ សាលា ក្នុងប្រទេសកម្ពុជាថែមទៀតផង ដែលរួមមាន សាលា Paragon, CIA FIRST, Northbridge, SCIA និង Footprint ជាដើម៕