(លីវើភូល)៖ ខ្សែបម្រើក្លិប Liverpool កីឡាករ Thiago Alcantara និង Fabinho នឹងចូលរួមជាមួយក្រុម ដែលនឹងធ្វើដំណើរទៅកាន់ទីក្រុង Paris សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ លីគ Champions League ដែលត្រូវប៉ះនឹងក្រុម Real Madrid, នេះបើតាមការឲ្យដឹងពី ក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។

Liverpool នឹងត្រូវប្រកួតប៉ះ Real នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃសៅរ៍សប្តាហ៍នេះ កីឡដ្ឋាន Stade de France ខណៈ Liverpool កំពុងស្វែងរកការឈ្នះពានរង្វាន់ទី៣ នៅក្នុងរដូវកាលនេះ, បន្ទាប់ពីបានឈ្នះពានរង្វាន់ League Cup និង FA Cup។

ខ្សែបម្រើទាំងពីររូបនេះ បានរងរបួស ដែលបង្កឲ្យមានការព្រួយបារម្ភ សម្រាប់អ្នកចាត់ការ Juergen Klopp ប៉ុន្តែក្លិបបានឲ្យដឹងថា ពួកគេនឹងត្រឡប់មកចូលរួមប្រកួតវិញ។

Thiago បានបន្តចាប់ផ្តើមហ្វឹកហាត់ឡើងវិញ បន្ទាប់ពីមានបញ្ហាសាច់ដុំ ដែលត្រូវដើរចេញពីទីលាន នៅក្នុងការប្រកួតតង់ដំបូង នៃការប្រកួតឈ្នះ៣-១របស់ពួកគេ លើក្រុម Wolverhampton Wanderers កាលពីថ្ងៃអាទិត្យកន្លងទៅ ដែលជាការប្រកួតចុងក្រោយគេ ក្នុងលីគ Premier League សម្រាប់រដូវកាលនេះ ខណៈ Liverpool បានបញ្ចប់ត្រឹមចំណាត់ថ្នាក់ទី២ នៅក្នុងតារាង។

ចំណែក កីឡាករ Fabinho វិញ មិនបានបង្ហាញខ្លួន នៅក្នុងការប្រកួតនោះទេ ចាប់តាំងពីមានបញ្ហាសាច់ដុំ នៅក្នុងការប្រកួតក្នុងលីគ លទ្ធផលឈ្នះ២-១ របស់ពួកគេ លើក្រុម Aston Villa កាលពីថ្ងៃទី១០ ខែឧសភា។

សូមជម្រាបថា Liverpool ធ្លាប់បានឈ្នះពានរង្វាន់ Champions League ចំនួន៦លើក ខណៈ Real ធ្លាប់ឈ្នះ១៣លើក។ ក្រុមទាំងពីរ ធ្លាប់បានប៉ះគ្នា៨ប្រកួត ក្នុងលីគ European Cup ដោយ Real ឈ្នះ៤ប្រកួត និង Liverpool ឈ្នះ៣ប្រកួត៕