(អេមស្ទឺដាម)៖ ខ្សែបម្រើរបស់ក្លិប Bologna កីឡាករ Jerdy Schouten ត្រូវបានដាក់បញ្ចូល ក្នុងក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ហើយកីឡាករ Bruno Martins Indi ត្រូវបានកោះហៅម្តងទៀត ខណៈគ្រូបង្វឹក Louis van Gaal នៅថ្ងៃសុក្រនេះ បានបញ្ចប់ការជ្រើសរើសរបស់លោក សម្រាប់ការប្រកួត៤លើក ក្នុងលីគ Nations League នាខែក្រោយ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែឧសភ ឆ្នាំ២០២២នេះ។

នេះគឺជាលើកដំបូងហើយ សម្រាប់ការកោះហៅ កីឡាករ Schouten វ័យ២៥ឆ្នាំរូបនេះ ដែលបានចំណាយពេល៣រដូវកាលកន្លងទៅ លេងនៅលីគ Serie A។

ដោយឡែក ខ្សែការពារវ័យ៣០ឆ្នាំ Martins Indi, ដែលលេងនៅក្លិប AZ Alkmaar និងជាអតីតកីឡាកររបស់ក្លិប FC Porto និង Stoke City នោះ, ធ្លាប់បានជាប់ឈ្មោះ លេងក្នុងក្រុមជម្រើសជាតិហូឡង់ កាលពី៥ឆ្នាំមុន។

លោក Van Gaal បានតែងតាំងក្រុមកីឡាករបឋមចំនួន៣០រូប កាលពីសប្តាហ៍មុន សម្រាប់ការប្រកួត នៅក្រៅទឹកដី ដែលត្រូវប៉ះក្រុមប៊ែលហ្ស៊ិក នៅថ្ងៃទី៣ ខែមិថុនា និងប៉ះក្រុមវែលស៍ នៅថ្ងៃទី៨ ខែមិថុនា និងការប្រកួតក្នុងនាមជាម្ចាស់ផ្ទះ ដែលត្រូវប៉ះក្រុមបូឡូញ នៅថ្ងៃទី១១ ខែមិថុនា និងក្រុមវេលស៍ នៅថ្ងៃទី១៤ ខែមិថុនាខាងមុខ។ ក្រោយមក លោកបានកាត់បន្ថយក្រុម មកនៅត្រឹម២៦រូបវិញ៕