(ភ្នំពេញ)៖ អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន ជីប ម៉ុង អ្នកស្រី ងិន លីដា បានឱ្យដឹងថា ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកិច្ចប្រជុំមួយជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបង្ហាញពីផលិតផល និងសេវាកម្មដែលក្រុមហ៊ុនមាន ក្នុងគោលបំណងស្វែងរកការទទួលស្គាល់នូវគុណភាពផលិតផល និងសេវាកម្ម និងតភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋាននាពេលអនាគត។

កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ក្រុមហ៊ុន ជីប ម៉ុង បានបង្ហាញពីផលិតផលសំណង់យ៉ាងសម្បូរបែបដែលរួមមាន ដែកថែបអ៉ីតាលីម៉ាក វី បេតុងលាយស្រេច ក្បឿង ទុយោ ស៊ីម៉ងត៍អូដ្ឋ និងស៉ីម៉ងត៍ អ៉ិនស៉ី ដាយមិន។ ក្រុមហ៊ុន ជីប ម៉ុង បានផ្គត់ផ្គង់ផលិតផលសំណង់ទាំងនេះក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាង ៤ ទសវត្សរ៍មកហើយ និងទទួលបានការជឿទុកចិត្តពីអតិថិជន ជាពិសេសទៅលើគុណភាពនៃផលិតផល។

ក្រុមហ៊ុន ជីប ម៉ុង ក៏បានធ្វើបទបង្ហាញពីផលិតផល និងសេវាកម្មរបស់ ធនាគារ ជីប ម៉ុង ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ទៅលើបច្ចេកវិទ្យាឌីជីថលដ៏ទំនើប ទាន់សម័យ ជួយផ្ដល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋខ្មែរ ជាមួយនឹងសេវាកម្មដ៏លឿន រហ័ស និងមានសុវត្ថិភាពបំផុត។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន ជីប ម៉ុង ក៏បានបង្ហាញពីសណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ល្អប្រណីត ក្រោមការបោះទុនវិនិយោគរហូតដល់ទៅ១៨០លានដុល្លារអាមេរិក ទាំងថ្លៃដី និងថ្លៃសាងសង់។ វត្តមាននៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ បានចូលរួមលើកមុខមាត់វិស័យបដិសណ្ឋារកិច្ច និងបម្រើតម្រូវការស្នាក់នៅបែបប្រណីតក្នុងវិស័យទេសចរណ៍៕