(បរទេស)៖ អជ្ញាធរត្រួតពិនិត្យទីផ្សាររបស់ចក្រភពអង់គ្លេស (CMA) កំពុងចាប់ផ្តើមបើកការស៊ើបអង្កេតថ្មីមួយលើអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ Google ជុំវិញការភ័យខ្លាចថាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនេះកំពុងបង្កកដៃគូប្រកួតប្រជែងដោយអយុត្តិធម៌។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

ទាក់ទិនទៅនឹងបញ្ហានេះវាជាការស៊ើបអង្កេតដោយបើកចំហរលើកទីពីរដែល CMA បានធ្វើទៅលើ Google បន្ទាប់ពីការប្រកាសនៅក្នុងខែមីនា នៃការស៊ើបអង្កេត រួមគ្នាជាមួសហភាពអឺរ៉ុប (EU) ជុំវិញការឃុបឃិតគ្នារវាង Google និង Meta Platform ដែលជាមេធំរបស់ Facebook។

យ៉ាងណាមិញលោក Andrea Coscelli ដែលជានាយកប្រតិបត្តិ (CEO) របស់ CMA ក៏បានឱ្យដឹងដែរថា «យើងមានការព្រួយបារម្ភថា Google អាចនឹងប្រើប្រាសតួនាទីរបស់ខ្លួននៅក្នុងបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម ដើម្បីគាំទ្រសេវាកម្មរបស់ខ្លួនក្នុងការបំផ្លាញគូប្រជែង ក៏ដូចជាអតិថិជនរបស់ខ្លួន និងចុងក្រោយជាអ្នកប្រើប្រាស់ផ្ទាល់តែម្តង។ ប៉ុន្តែទោះជាយ៉ាងណាពាក់ព័ន្ធទៅនឹងករណីនេះ CMA កំពុងតែបើកការស៊ើបអង្កេតយ៉ាងតឹងរឹងទៅលើបញ្ហានេះ។

ដោយឡែកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Google បានទទួលរងការផាកពិន័យជាច្រើនជុំវិញការអនុវត្តប្រឆាំង នឹងការទុកចិត្តស្រដៀងគ្នានៅក្នុងផ្នែកផ្សេងទៀតនៃអាជីវកម្មរបស់ខ្លួន។ ទាំងនោះរួមបញ្ចូលទាំងការផាកពិន័យ ២.៤ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុប ក្នុងឆ្នាំ២០១៧ និងការផាកពិន័យចំនួន ១.៥ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុបដូចគ្នាក្នុងឆ្នាំ២០១៩ ដែលទាក់ទងទៅនឹងការប្រឆាំង នឹងប្រកួតប្រជែងនៅក្នុងការផ្សាយពាណិជ្ជកម្ម ដែលស្រដៀងទៅនឹងអ្វីដែលចក្រភពអង់គ្លេសកំពុងបើកស៊ើបអង្កេតបច្ចុប្បន្ននេះ៕