(បរទេស)៖ ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Twitter កំពុងប្តឹងកំពូលមហាសេដ្ឋី លោក Elon Musk និង Twitter ជុំវិញការដោះស្រាយរបស់ពួកគេ លើដំណើរការទិញ-លក់ ដ៏ច្របូកច្របល់ដែលកំពុងដំណើរការ ព្រមទាំងបានធ្វើឱ្យមានការប្រែប្រួលតម្លៃភាគហ៊ុនថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន CNBC នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និង SpaceX រូបនេះ បានទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Twitter ចំនួនជាង ៩ភាគរយ ដែលបានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេ និងក្រោយមកប្រមាណជា ១០ថ្ងៃ ក៏បានស្នើសុំទិញ Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ដោយលោក Elon Musk បានលក់ហ៊ុន និងបានកម្ចី ប្រាក់ពី Tesla ដើម្បីផ្តល់ហិរញ្ញប្បទានដល់កិច្ចព្រមព្រៀងទិញ-លក់ Twitter ហើយរហូតមកដល់ពេលនេះគឺកិច្ចព្រមព្រៀងនៅតែមិនលេចចេញជារូបរាងឡើយ។

ចាប់តាំងពីការដេញថ្លៃទិញយករបស់ Musk តម្លៃភាគហ៊ុនរបស់ Twitter បានធ្លាក់ចុះជាង ១២ភាគរយ ហើយ ភាគហ៊ុនរបស់ Tesla វិញបានធ្លាក់ចុះប្រហែល ២៨ភាគរយ។ គិត្រឹមថ្ងៃពុធសប្ដាហ៍នេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះច្រើនជាង ៤០ភាគរយ ចាប់តាំងពី Elon Musk បានប្រកាសទិញ Twitter។

នៅក្នុងពាក្យបណ្ដឹង ម្ចាស់ភាគហ៊ុន Twitter បានចោទប្រកាន់ថា លោក Musk បានបំពានច្បាប់សាជីវកម្មរដ្ឋកាលីហ្វ័រញ៉ាលើមុខជាច្រើន ហើយក្នុងការធ្វើដូច្នេះបានចូលរួមក្នុងឧបាយកលទីផ្សារ។

នៅក្នុងការរំលោភដ៏មានសក្តានុពលមួយ ពួកគេអះអាងថា Elon Musk ទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ និងបានលាក់បាំងផែនការរបស់គាត់ជាបណ្តោះអាសន្ននៅដើមខែមេសា ដើម្បីក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងបណ្តាញសង្គម Twitter ។

នៅក្នុងពាក្យបណ្ដឹងបានបន្ថែមទៀតថា Elon Musk ទទួលបានព័ត៌មានផ្ទៃក្នុងអំពីក្រុមហ៊ុន Twitter តាមរយៈការសន្ទនាឯកជនជាមួយសមាជិកក្រុមប្រឹក្សាភិបាល និងអតីតនាយកប្រតិបត្តិ លោក Jack Dorsey ដែលជាមិត្តដ៏យូរលង់របស់ Elon Musk។

កាលពីដើមខែនេះ លោក Elon Musk បានផ្អាកការទិញយក Twitter ដើម្បីស្វែងយល់បន្ថែមអំពីសកម្មភាពមិនពិតប្រាកដនៅលើវេទិកាបណ្ដាញសង្គមមួយនេះ រួមទាំងព័ត៌មានអំពីគណនីក្លែងក្លាយផងដែរ៕