(ភ្នំពេញ)៖ កវីនិពន្ធល្បីឈ្មោះ និងជាអតីតអ្នកគ្រប់គ្រងទូទៅ ប្រចាំក្នុងផលិតកម្ម «Galaxy Navatra» លោក យឹម តាស្រង់ បានសម្រេចចិត្តដើរចេញពីផលិតកម្ម «Galaxy Navatra» ហើយ ដោយសំអាងទៅលើមូលហេតុថា ជាប់រវល់មើលការខុសត្រូវ នឹងជំនួញផ្ទាល់ខ្លួន ដែលមានរហូតដល់ទៅ ២ឬ៣ក្រុមហ៊ុន ដែលលោកទើបតែបង្កើតឡើងនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា បន្ទាប់ពីសម្រេចចិត្តថា នឹងដើរចេញពី «Galaxy Navatra» ក៏ពិតមែន ប៉ុន្តែលោក យឹម តាស្រង់ នៅតែមិនភ្លេចនូវអនុស្សាវរីយ៍ ជាពិសេសមិនភ្លេចគុណអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្មឡើយ។

លោក យឹម តាស្រង់ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ការដើចេញនេះ គឺដោយសេចក្ដីល្អ ដោយការយោគយល់គ្នា យ៉ាងពិសេស ដូចបងប្អូនបង្កើត ដោយរូបលោកក៏មិនភ្លេចគុណ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះទេ ក្នុងមួយជីវិតនេះ ព្រោះអ្នកឧកញ៉ា តែងតែផ្ដល់នូវការប្រឹក្សាគំនិតល្អៗដល់រូបលោក និងចង់ឲ្យលោករីកចំរើនបន្ថែមទៀត។

កវីនិពន្ធ យឹម តាស្រង់ និយាយថា «ទោះបីជាខ្ញុំ បានសម្រេចចិត្តចាកចេញពីផលិតកម្ម Galaxy Navatra ក្ដី ប៉ុន្តែខ្ញុំនៅតែប្រាស្រ័យទាក់ទងគ្នាធម្មតា ជាមួយនឹងម្ចាស់ផលិតកម្ម គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដដែល។ ខ្ញុំមិនភ្លេចគុណគាត់ទេ ក្នុងមួយជីវិតនេះ ព្រោះកន្លងមកអ្នកឧកញ៉ា តែងតែផ្ដល់នូវការប្រឹក្សាការងារល្អៗ គំនិតល្អ និងចង់ឃើញយើងរីកចម្រើន ឃើញយើងមានបាន ប្រៀបបីដូចជាបងប្អូនអ៊ីចឹង..!»

លោក យឹម តាស្រង់ បានបញ្ជាក់ឲ្យដឹងថាទៀតថា មូលហេតុដែលលោកបានសម្រេចចិត្តដើរចេញពីផលិតកម្ម Galaxy Navatra គឺដោយសារតែលោកចង់យកពេលវេលានេះ ទៅពង្រឹងការងារអាជីវកម្មថ្មីរបស់ខ្លួន គឺការបើកក្រុមហ៊ុនអចលនទ្រព្យ និងការនាំចូលផលិតផល Cosmetic ពីក្រៅប្រទេស មកលក់នៅក្នុងប្រទេសកម្ពុជា។

មានការភ្ញាក់ផ្អើលមិនតិចទេ នៅក្នុងចង្កោមអ្នកសិល្បៈទូទៅ ខណៈដែលថ្មីៗនេះនេះ ម្ចាស់ផលិតកម្ម Galaxy Navatra គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសជាសាធារណៈថា អ្នកគ្រប់គ្រង និងជាអ្នកនិពន្ធឆ្នើមមួយរូបរបស់ផលិតកម្ម គឺលោក យឹម តាស្រង់ បានចាកចេញពីផលិតកម្មហើយ ដោយបានទៅបង្កើតក្រុមហ៊ុនអាជីវកម្មថ្មីផ្ទាល់ខ្លួន។ ប៉ុន្តែដើម្បីឲ្យសង្វាក់ផលិតកម្ម ក្នុងការផលិតបទចម្រៀង នៅតែដំណើរការល្អធម្មតា ម្ចាស់ផលិតកម្មបានបង្ហាញ បុគ្គលឆ្នើមៗចំនួន៣រូបភ្លាមៗ ក្នុងការគ្រប់គ្រងផលិតកម្មបន្តពីលោក យឹម តាស្រង់។

នៅក្នុងបណ្ដាញហ្វេសប៊ុកផ្លូវការ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញថា «អរគុណបងប្រុស យឹម តាស្រង់ បងគឺជាស្ថាបនិកមួយរូបរបស់ផលិតកម្ម Galaxy ផលិតកម្មមានថ្ងៃនេះ គឺបងបានចូលរួមយ៉ាងច្រើនរាប់មិនអស់ ពេលនេះបងរីកចម្រើន និងមានអាជីវកម្មផ្ទាល់ខ្លួន បងហាក់ដូចជាមិនដាច់ចិត្តពី Galaxy សោះ ប្អូនក៏ដូចគ្នា ប៉ុន្តែទោះជាយ៉ាងណារាល់ការជួបណា ក៏ត្រូវតែមានការបែក ដើម្បីអនាគតមួយកាន់តែរីកចម្រើន»

ម្ចាស់ផលិតកម្ម Galaxy Navatra រូបនេះ បានបន្តថា «ថ្ងៃនេះ ទោះបីជាបងទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួន និងអាជីវកម្មផ្សេងក៏ដោយ ប៉ុន្តែបេះដូងយើងនៅជាមួយគ្នា នឹងអាចសហការគ្រប់ កិច្ចការងារសិល្បៈ បានគ្រប់ពេលវេលា។ ថ្ងៃនេះ ខ្ញុំសូមបង្ហាញអ្នកគ្រប់គ្រងស្ដីទី, ទីប្រឹក្សា សរុបបីរូប ជំនួសតំណែងបង យឹម តាស្រង់ គឺបងប្រុស សុខ ជំនោរ, បងប្រុស លោក ខាំ ភូរិ និងប្អូនស្រី យឹម សុជាតា»

បញ្ជាក់ថា បន្ទាប់ពីកវីនិពន្ធឆ្នើមលោក យឹម តាស្រង់ បានចាកចេញពីផលិតកម្មរួចមក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសពីការនាំយកបុគ្គលឆ្នើមៗចំនួន ៣រូប ដើម្បីជំនួសតំណែងលោក យឹម តាស្រង់ ដោយបុគ្គលទាំងអស់នោះមានដូចជា លោក សុខ ជំនោរ, លោក ខាំ ភូរិ និងកញ្ញា យឹម សុជាតា ដែលសុទ្ធសឹងតែអ្នកមានឈ្មោះ ល្បីល្បាញ ក្នុងវិស័យសិល្បៈចម្រៀង, ការតាក់តែងនិពន្ធ និងការដឹកនាំជាដើម៕