(ប៉ារីស)៖ ម៉ោង ២៖០០រំលងអាធ្រាត្រនៅកម្ពុជាដែលឈានចូលថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២ គឺជាការចាប់ផ្តើមប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Champions League រវាងហង្សក្រហម Liverpool ទល់នឹងក្រុមអេស្ប៉ាញ Real Madrid។

ការប្រកួតរវាងក្រុមគីឡូធ្ងន់ទាំងពីរខាងលើនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Stade de France ដែលស្ថិតក្នុងរដ្ឋធានី Paris ប្រទេសបារាំង នៅពេលប្តូរពីទីក្រុង Saint Petersburge នៃប្រទេសរុស្ស៊ីដោយសារតែបញ្ហាលើកកងទ័ពចូលលុកលុយប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ឆ្នាំ២០២២ មកនោះ។

ដូចគ្នានោះដែរ មានចំណុចសំខាន់ៗមួយចំនួនក៏ត្រូវយល់ដឹងផងដែរ មុនជំនួបដ៏ជក់ចិត្តនេះ ដ្បិតក្រុមទាំងពីរសុទ្ធសឹងតែជោគជ័យក្នុងពាន UEFA Champions League គ្រាដែល Real ធ្លាប់ឈ្នះបាន ១៣លើក និងឈ្នះចុងក្រោយក្នុងឆ្នាំ២០១៨ ជំនាន់លោក Zinedine Zidane ដឹកនាំ គ្រាដែល Liverpool ឈ្នះចុងក្រោយក្នុងឆ្នាំ២០១៩ ជាលើកទី៦ របស់ពួកគេ ដោយស្ថិតក្រោមការបង្វឹករបស់គ្រូបច្ចុប្បន្នគឺលោក Jurgen Klopp។

តាមរយៈសារព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ នេះបានឲ្យដឹងថា អ្នកគាំទ្រខាង Liverpool ជាង ៦ម៉ឹនដែលគ្មានសំបុត្រនោះត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅរដ្ឋធានី Paris ដ្បិតកីឡដ្ឋាន Stade de France ដែលមានអាយុកាល ២៧ឆ្នាំ អាចផ្ទុកចំនួនអ្នកទស្សនាសរុបបានដល់ទៅជាង ៨ម៉ឺននាក់។

Liverpool កំពុងសំឡឹងរកការឈ្នះពាន UCL ជាលើកទី៧ ដើម្បីតាមទាន់កំណត់ត្រារបស់ AC Milan របស់អ៉ីតាលីដែលឈ្នះបាន ៧លើករួចមក នៅពេលបច្ចុប្បន្នក្រុមមួយនេះ (Liverpool) ឈ្នះបាន ៦លើកស្មើជាមួយ Bayern Munich របស់អាល្លឹម៉ង់ ហើយក៏ជាការឈ្នះព្យាយាមឈ្នះពាន ៣ក្នុងមួយរដូវកាល បន្ទាប់ពីឈ្នះពាន Carabao Cup និង FA Cup រួចមកហើយនោះ។

ហង្សក្រហម Liverpool បានឈានដល់វគ្គផ្តាច់ព្រ័ត្រ UCL ៣លើកក្នុងចំណោម ៥រដូវកាលចុងក្រោយ និងក្នុងនាមជាក្រុមដែលទើបខកចិត្តនៅ Premier League ដែលចាញ់ Manchester City តែ ១ពិន្ទុប៉ុណ្ណោះក្នុងការ ដណ្តើមជើងឯករដូវកាលនេះ។

Liverpool ជាក្រុមលេខ១ ចេញពីពូល B ដោយលេង ៦ប្រកួតពុំចាញ់ និងស្មើឡើយ រកបាន ១៨ពិន្ទុពេញ មុនឈានមកទម្លាក់ FC Porto ក្នុងវគ្គ ១៦ក្រុម ឈ្នះ Atletico Madrid ក្នុងវគ្គ ៨ក្រុម និង Villarreal ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឡើងមកជួបក្រុមជើងឯក La Liga រដូវកាលនេះ Real Madrid ដែលជាក្រុមលេខ១ ចេញពីពូល D តាមរយៈឈ្នះ៥ និងចាញ់១ មិនដែលស្មើ និងបានទម្លាក់ PSG, Chelsea និង Manchester City ក្នុងវគ្គបន្តបន្ទាប់។

Real Madrid ដែលអតីតធ្លាប់ឈ្នះ UCL បាន ១៣លើកច្រើនជាងគេ និងមានបុរសសញ្ជាតិអ៉ីតាលី លោក Carlo Ancelotti ដឹកនាំវិញ ក៏បានទន្ទឹងរង់ចាំការឈ្នះពាន Champions League ជាលើកទី៤ របស់លោកផងដែរដែលពុំមានអ្នកចាត់ការឯទៀតធ្វើបាន ក្រោយពេលរូបលោកធ្លាប់ឈ្នះ ២ដងជាមួយ AC Milan ក្នុងឆ្នាំ២០០៣ និងឆ្នាំ២០០៧ និងចុងក្រោយជាមួយ Real Madrid កាលឆ្នាំ២០១៤។

រវាង Liverpool និង Real Madrid ធ្លាប់មានប្រវត្តិជួបគ្នាតែ ៨លើកប៉ុណ្ណោះ គិតចាប់តាំងពីជួបគ្នាលើកដំបូងក្នុងឆ្នាំ១៩៨១ មក ដោយធ្លាប់ស្មើតែម្តងគត់ ក្រៅពីនេះហង្សក្រហមឈ្នះ ៣លើក និងចាញ់វិញ ៤លើកសុទ្ធសឹងតែក្នុងពាន អឺរ៉ុបដូចគ្នា។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ នឹងមានការថែមម៉ោង ១៥នាទី ២ដង និងប៉េណាល់ទីផងដែរ ប្រសិនបើក្រុមទាំងពីរ លេងស្មើគ្នា៕