(ប៉ារីស)៖ ក្រុមអធិរាជស Real Madrid របស់អេស្ប៉ាញបានគ្រងតំណែងជើងឯកពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2021-2022 នៅពេលយកឈ្នះគូប្រជែងហង្សក្រហម Liverpool ក្នុងលទ្ធផល ១ទល់នឹង០ នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Stade de France ដែលស្ថិតក្នុងទីក្រុងប៉ារីស ប្រទេសបារាំងនោះ កីឡាករខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Vinicius Junior ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៥៩ ក្រោយពីការបញ្ជូនរបស់លោក Federico Valverde ក្នុងប្រអប់គ្រោះថ្នាក់ដូចគ្នា ដែលជាការស៊ុតបាន ១ជើងប៉ុណ្ណោះចំគោលដៅក្នុងរយៈពេល ៩០នាទី នៅពេលរងការដាក់សម្ពាធខ្លាំងពី Liverpool ដែលស៊ុតសរុបមានដល់ទៅ ១៥ជើងឯណោះ តែត្រូវបានកីឡាករចាំទីប៊ែលហ្សិក Thibaut Cortois ជួយសង្រ្គោះបានជានិច្ច នៅពេលស៊ុតចេញភាគច្រើនពីជើងរបស់ Mohamed Salah។

នេះជាកំណត់ត្រាចាស់វគ្គផ្តាច់ព្រ័ត្រជាលើកទី២ នៅ UCL របស់ Liverpool ក្រោយពេលចាញ់ ៣ទល់នឹង១ កាលឆ្នាំ២០១៨ និង ៤ឆ្នាំបន្ទាប់ចាញ់ ១ទល់នឹង០ ទៀតស្ថិតក្រោមការបង្វឹករបស់លោក Jurgen Klopp ដូចគ្នា នៅពេលពួកគេខកខានឱកាសលើកពានអឺរ៉ុបគម្រប់លើកទី៧ ក្រោយឈ្នះបាន ៦លើករួចមកស្មើនឹង Bayern Munich។

ចំណែកឯ Real Madrid ឈ្នះពាន UEFA Champions League នេះមកវិញ ក្រោយខកខានតាំងពីឆ្នាំ២០១៨ មក និងគម្រប់បាន ១៤លើកច្រើនជាងគេដាច់តាមពីក្រោយដោយ AC Milan ដែលបាន ៧លើក គ្រាដែលបុរសសញ្ជាតិអ៉ីតាលី Carlo Ancelotti បានក្លាយជាគ្រូបង្វឹកដែលឈ្នះពានអឺរ៉ុបបាន ៤លើកច្រើនជាងគេដែលដឹកនាំ AC Milan ឈ្នះបាន ២លើកដូចដឹកនាំ Real Madrid តាមពីក្រោយដោយ Zinedine Zidane ដែលឈ្នះបាន ៣លើកដែរជាមួយ Real Madrid៕