(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្មីៗ បន្ទាប់ពីសម្ដេចបានណែនាំឲ្យសិក្សាធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋខ្មែរនៅរស់នៅក្រៅប្រទេស ដោយលោកចាត់ទុកនេះ គឺជាព័ត៌មានដ៏ល្អ សម្រាប់វិស័យអចលនទ្រព្យកម្ពុជា ក្នុងការប្រមូលដើមទុនបន្ថែមមកធ្វើការវិនិយោគនៅស្រុកខ្មែរ ។

ការលើកឡើងនេះ ធ្វើឡើងក្នុងសិក្ខាសាលារួមគ្នាមួយ ស្ដីពី “គ្មានព្រំដែនសម្រាប់អាជីវកម្មអចលនាទ្រព្យនៅកម្ពុជា ថៃ និងវៀតណាម” នៅសណ្ឋាគារភ្នំពេញ កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ រវាងក្រុមហ៊ុន KW Cambodia ជាមួយ KW Thailand និង KW Vietnam ដោយមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនជាអ្នកវិនិយោគធំៗ មកពីតៃវ៉ាន់ ហុងកុង និងសិង្ហបុរីជាដើម ។ សិក្ខាសាលានេះ មានអ្នកចូលរួមប្រមាណ ១០០នាក់ ។

អ្នកជំនាញខាងលើ បានបញ្ជាក់ថា ខ្មែរនៅក្រៅស្រុក គឺជាប្រភពទុនមួយដ៏សំខាន់ ក្នុងចំណោមប្រភពទុន ទាំង ៣ សម្រាប់ទាក់ទាញការវិនិយោគនៅកម្ពុជា ។ ដូច្នេះការដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបើកភ្លើងខៀវឲ្យធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋខ្មែរនៅក្រៅស្រុក គឺជាដំណឹងដ៏ល្អ ដើម្បីបើកផ្លូវឲ្យពលរដ្ឋខ្មែរនៅក្រៅស្រុកទាំងអស់ ពិសេសអ្នកមានធនធាន មានឱកាសមកទិញអចលនទ្រព្យដោយស្របច្បាប់ និងមានឱកាសធ្វើការវិនិយោគផ្សេងៗនៅកម្ពុជា ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់ថា «ខ្ញុំមើលឃើញថា អ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើការដ៏ត្រឹមត្រូវ យើងអាចប្រើពាក្យថា ការប្រមូលដើមទុនបន្ថែមចូលមកស្រុកខ្មែរយើង ។ ដូចខ្ញុំបាននិយាយច្រើនដងថា ដើមទុនដែលវិនិយោគទុនមកស្រុកខ្មែរយើងមាន ៣ប្រភព ទី១-ខ្មែរនៅស្រុកខ្មែរ ទី២-បរទេសដែលយកលុយមករកស៊ីនៅស្រុកខ្មែរ ដែលយើងកំពុងមើលឃើញច្រើន និងទី៣-គឺប្រភពទុនខ្មែរនៅក្រៅស្រុកនេះឯង»

«ប៉ុន្ដែជាព័ត៌មានដ៏ល្អមួយ ពេលសម្ដេចអញ្ជើញទៅអាមេរិក សម្ដេចបានណែនាំធ្វើឲ្យអត្តសញ្ញាណបណ្ណជូនពលរដ្ឋខ្មែរនៅក្រៅប្រទេស ។ ធម្មតា ខ្មែរនៅបរទេស ភាគច្រើន គាត់មានលុយ គាត់ចង់ទិញដីធ្លី វិនិយោគនៅស្រុកខ្មែរ ប៉ុន្ដែគាត់ទិញអត់បាន ដោយសារគាត់អត់ទាន់មានអត្តញសញ្ញាណបណ្ណ ។ អ៊ីចឹងអ្វីដែលសម្ដេចមានប្រសាសន៍ អំឡុងពេលសម្ដេចអញ្ជើញទៅអាមេរិក គឺអនុញ្ញាតឲ្យខ្មែរនៅអាមេរិក ក៏ដូចជារស់នៅបរទេស អាចធ្វើអត្តសញ្ញាណបណ្ណបាន ដើម្បីមកបោះឆ្នោត ។ នៅពេលដែលខ្មែរនៅបរទេសធ្វើអត្តសញ្ញាណប័ណ្ណបាន គាត់នឹងមានសិទ្ធទិញដីធ្លី ផ្ទះសម្បែងនៅស្រុកខ្មែរបាន ។ នេះគឺជាប្រភពទុនធំមួយទៀត ដែលចូលមកស្រុកខ្មែរ»

លោកបង្ហាញសុទិដ្ឋិនិយមថា «អ៊ីចឹងចាប់ពីឥលូវទៅ ខ្ញុំមើលឃើញ បរទេសជាច្រើនត្រឡប់មកវិញ ហើយនឹងមានខ្មែរដែលរស់នៅបរទេស ទាំងខ្មែរអាមេរិក និងខ្មែរនៅអឺរ៉ុប គាត់នឹងយកលុយមកវិនិយោគនៅស្រុកខ្មែរកាន់តែច្រើន បន្ទាប់ពីពួកគាត់មានអត្តសញ្ញាណបណ្ណ»

សូមបញ្ជាក់ថា សិក្ខាសាលាខាងលើ បានរៀបចំឡើង ដើម្បីបង្ហាញគន្លឹះពីរបៀបរកស៊ីវិស័យដីធ្លីនៅកម្ពុជា វៀតណាម និងថៃ តាមរយៈការធ្វើបទបង្ហាញរបស់វាគ្មិនកិត្តិយស ដែលជាប្រធាន KW ទាំង ៣ប្រទេស រួមជាមួយវាគ្មិនកិត្តិយស ដែលជាអ្នកវិនិយោគធំៗ មកពីតៃវ៉ាន់ ហុងកុង និងសិង្ហបុរីជាដើម ។ គោលបំណងសំខាន់ នៃកម្មវិធីនេះ គឺដើម្បីធ្វើឲ្យកម្រើកឡើងវិញ នៃវិស័យដីធ្លីកម្ពុជា បន្ទាប់ពីសម្រាករយៈពេល ២ឆ្នាំ ដោយសារកូវីដ-១៩ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ៕