(ភ្នំពេញ)៖ ប្រជាពលរដ្ឋភាគច្រើនអាចមានការភាន់ច្រលំថា ការរៀបពិធីមង្គលការដ៏អធិកអធម ឬសែនព្រេន រវាងបុរស និង នារី ដោយមានការអញ្ជើញសាច់ញាតិ និងភ្ញៀវចូលរួមធ្វើជាសាក្សី ក្នុងពិធីនោះ គឺជាការរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវ ក្លាយជាប្តីប្រពន្ធតាមច្បាប់ ការពិតនេះគ្រាន់តែជាពិធីមួយតាមប្រពៃណីខ្មែរតែប៉ុណ្ណោះ ។

ដើម្បីក្លាយជាប្តីប្រពន្ធស្របច្បាប់លុះណាតែបុរស និងនារី បានចុះសំបុត្រអាពាហ៍ពិពាហ៍នៅមន្ត្រីអត្រានុកូលដ្ឋាន ដោយដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ចុះបញ្ជីអាពាហ៍ពិពាហ៍ ត្រូវជូនដំណឹងជាសាធារណៈ និងចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ ។ ចំពោះបុគ្គលដែលអាចរៀបអាពាហ៍ពិពាហ៍បាន ច្បាប់តម្រូវឱ្យមានអាយុ ១៨ ឆ្នាំ ឡើង ជាអាយុដល់នីតិភាពដែលកំណត់នៅប្រទេសកម្ពុជា ប៉ុន្តែបុគ្គលដែលមានអាយុ ១៦ ឆ្នាំ ដល់ក្រោមអាយុ ១៨ ឆ្នាំ ក៏អាចរៀបអាពាហ៍ពិពាហ៍បានដែរ ប្រសិនបើគោរពតាមលក្ខខណ្ឌច្បាប់ ។

ដូច្នេះដើម្បីអាចឱ្យអនីតិជនរៀបអាពាហ៍ពិពាហ៍ស្របតាមបទប្បញ្ញត្តិច្បាប់ តើអនីតិជនត្រូវគោរពតាមលក្ខខណ្ឌអ្វីខ្លះ ?

សប្តាហ៍នេះកម្មវិធីយល់ដឹង ផ្នែក ច្បាប់ របស់ អង្គភាពសារព័ត៌មាន Fresh News សហការ ជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការ អន្តរជាតិ សូម lលើកយក ប្រធា នបទស្តីពី «ការរៀបអាពាហ៍ពិពាហ៍របស់អនីតិជន» មកធ្វើការ ចែករំលែក ជូនបងប្អូន ប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ។

បើយោងតាមក្រមរដ្ឋប្បវេណីមាត្រា ៩៤៨ អាយុគ្រប់លក្ខណៈរៀបអាពាហ៍ពិពាហ៍ បានបញ្ញត្តថា បុរស និងនារីដែលមិនទាន់ដល់នីតិភាព មិនអាចរៀបអាពាហ៍ពិពាហ៍បានឡើយ ប៉ុន្តែ ក្នុងករណីដែលភាគីម្ខាង បានដល់នីតិភាព (នីតិភាព គឺបុគ្គលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើង ឬ បុគ្គលទទួលបានអត្តាធីនភាព) ហើយភាគីម្ខាងទៀតជា អនីតិជនដែលមានអាយុមិនតិចជាង ១៦ ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍បាន ដោយទទួលការយល់ព្រមពីអ្នកមានអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់អនីតិជននោះ ។

ពាក្យថាអត្តាធីនភាពជាបុគ្គលមានអាយុចាប់ពី ១៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ដែលអនីតិជនត្រូវរួចផុតពីការស្ថិតនៅក្រោមអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន ឲ្យមានសមត្ថភាពដូចជានីតិជន ។

ចំណែកឯមាត្រា ៩៥៣ នៃក្រមរដ្ឋប្បវេណី ការរៀបអាពាហ៍ពិពាហ៍របស់អនីតិជន បានបញ្ញត្តថា៖

* ១-ក្នុងករណីដែលភាគីម្ខាងក្នុងចំណោមភាគីដែលមានបំណងរៀបអាពាហ៍ពិពាហ៍ជាអនីតិជន អនីតិជននោះចាំបាច់ត្រូវមានការយល់ព្រមពីសំណាក់អ្នកដែលមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជននោះ ។

* ២-បើអ្នកដែលមានអំណាចមេបាណាម្ខាងមិនយល់ព្រមទេ គ្រាន់តែមានការយល់ព្រមពីសំណាក់អ្នកដែលមានអំណាចមេបាម្ខាង ជាការគ្រប់គ្រាន់ហើយ ។

* ៣-ក្នុងករណីដែលអ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជនបដិសេធការយល់ព្រមដោយគ្មានមូលហេតុសមរម្យ អនីតិជនដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ អាចទាមទារទៅតុលាការឱ្យសម្រេចសេចក្តីជំនួសការយល់ព្រមនោះបាន ។

ចំពោះមាត្រាខាងលើនេះយើងអាចមើលឃើញពីទំនាក់ទំនងនៃអាយុក្នុងការដែលអាចរៀបអាពាហ៍ពិពាហ៍បាន ដូចបង្ហាញជូនខាងក្រោម៖

* នីតិជនចាប់ពីអាយុ ១៨ ឆ្នាំ ឡើង រៀបអាពាហ៍ពិពាហ៍ ជាមួយនីតិជនចាប់ពីអាយុ ១៨ ឆ្នាំឡើង ពុំចាំបាច់មានការយល់ព្រមពីឪពុកម្តាយ អ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន ។

* នីតិជនចាប់ពីអាយុ ១៨ ឆ្នាំ ឡើង រៀបអាពាហ៍ពិពាហ៍ ជាមួយអនីតិជនអាយុចាប់ពី ១៦ ឆ្នាំ ដល់ក្រោមអាយុ១៨ ឆ្នាំ ចាំបាច់ត្រូវមានការយល់ព្រមពីឪពុកម្តាយ អ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន របស់អនីតិជន ។

* ជនដែលបានទទួលអត្តាធីនភាព រៀបអាពាហ៍ពិពាហ៍ ជាមួយនីតិជនចាប់ពីអាយុ ១៨ ឆ្នាំ មិនចាំបាច់មានការយល់ព្រមពីឪពុកម្តាយ អ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន របស់អនីតិជនទេ ។

* ជនដែលបានទទួលអត្តាធីនភាព រៀបអាពាហ៍ពិពាហ៍ ជាមួយអនីតិជន ចាំបាច់ត្រូវមានការយល់ព្រមពីឪពុកម្តាយ អ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន របស់អនីតិជន ។

* ជនដែលបានទទួលអត្តាធីនភាព រៀបអាពាហ៍ពិពាហ៍ ជាមួយ ជនដែលបានទទួលអត្តាធីនភាព មិនចាំបាច់មានការយល់ព្រមពីឪពុកម្តាយ អ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជនទេ ។

ជាគោលការណ៍ការរៀបអាពាហ៍ពិពាហ៍របស់អនីតិជនត្រូវមានការយល់ព្រមទាំងឪពុកទាំងម្តាយ អាណាព្យាបាលសម្រាប់អនីតិជន ប៉ុន្តែប្រសិនបើ ក្នុងចំណោមគាត់ទាំងពីរ មានតែម្នាក់ណាមួយយល់ព្រមគឺជាការគ្រប់គ្រាន់ ។

ក្នុងករណីដែលឪពុកម្តាយ ឬអ្នកអាណាព្យាបាលបដិសេធការយល់ព្រម ពុំមានមូលហេតុសមរម្យ អនីតិជនដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ អាចទាមទារទៅតុលាការឱ្យធ្វើការសម្រេចសេចក្ដីជំនួសការយល់ព្រមរបស់ឪពុកម្ដាយ ឬរបស់អ្នកអាណាព្យាបាលបាន ។

សរុបសេចក្តីមក អនីតិជនអាចរៀបអាពាហ៍ពិពាហ៍បាន លុះត្រាតែមានការយល់ព្រមពីអ្នកមានអំណាចមេបា (ទាំងឪពុកទាំងម្តាយ ឬ ឪពុក ឬម្តាយ ឬអាណាព្យាបាលសម្រាប់អនីតិជន) ដូចដែលបានរៀបរាប់ខាងលើ ប៉ុន្តែអនីតិជន ដែលទទួលបានអត្តាធីនភាពក៏អាចរៀបអាពាហ៍ពិពាហ៍បានដែរ ព្រោះជនដែលបានទទួលអត្តាធីនភាព មានសិទ្ធិ និងករណីយកិច្ចដូចគ្នានឹងនីតិជន ។ ការកំណត់អាយុសម្រាប់ការរៀបអាពាហ៍ពិពាហ៍ខាងលើនេះច្បាប់បានគិតគូរដល់កត្តាសរីរាង្គចំពោះបុរស នារីដែលអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ករបង្កើតក្រុមគ្រួសារក្នុងសង្គម ៕

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា ម៉េង សៀវយី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ៤៥៣៥ ផ្លូវលេខ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.