(អាមេរិក)៖ ខ្សែភាពយន្ត Superhero របស់ DC ចំណងជើងថា «Black Adam» សម្តែងដោយ Dwayne Johnson ដែលជាតារាសម្ដែងកីឡាកាសដែលគ្រប់គ្នាតែងតែស្គាល់ថា The Rock នោះ គ្រោងនឹងបញ្ចេញវីដេអូ Trailer នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះហើយ។ យ៉ាងណាមិញ ខណៈរឿងនេះរៀបនឹងបញ្ចប់ការថត តារាសម្តែងល្បី The Rock ទម្លាយថា រឿង «Black Adam» ជាស្នាដៃទី២របស់ខ្លួន ជាមួយផលិតករ Jaume Collet-Serra។

តាមរយៈបណ្តាញសង្គមផ្លូវការ The Rock បានទម្លាយថា រឿង Black Adam ជាស្នាដៃទី២ហើយ របស់លោកជាមួយផលិតករ Jaume Collet-Serra ខណៈរឿងដំបូង គឺចំណងជើងថា «Jungle Cruise»។ លោកថា កាលអំឡុងឆ្នាំ២០១៨ លោកនិងផលិតកររូបនេះ បានយល់ព្រមផលិតរឿង BLACK ADAM រួមគ្នា ដើម្បីបង្កើតគំរូថ្មីសម្រាប់ទស្សនិកជន ជុំវិញពិភពលោក។

ខណៈអ្នកគាំទ្រកំពុងរង់ចាំតាមដានទស្សនានោះ The Rock បានទម្លាយថា វីដេអូ Trailer នៃរឿង «Black Adam» នេះនឹងបញ្ចេញជាផ្លូវការនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ខណៈរឿងនេះគ្រោងបញ្ចេញនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

បើគេនៅចាំមិនភ្លេច The Rock បានទទួលតំណែងក្នុងខ្សែភាពយន្តថ្មី «Black Adam» ក្នុងនាមជាតួអង្គឯកឈ្មោះ Teth-Adam ឬ Black Adam នេះឯង ដែលគម្រោងថា នឹងចាក់បញ្ចាំងនិងបញ្ចេញនៅថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២១ ក៏ប៉ុន្តែដោយសារតែបញ្ហាជាច្រើន បានកើតឡើងជាពិសេសគឺដោយសារជំងឺឆ្លង Covid រាតត្បាត បានធ្វើឲ្យមានការពន្យាពេលនូវថ្ងៃចេញជាផ្លូវការ រហូតមកដល់ឆ្នាំ២០២២នេះ៕