(ឡុងដ៏)៖ ក្លិប Nottingham Forest ពេលនេះមានឱកាសបានឡើងមកលេងប្រជែងលីគកំពូលអង់គ្លេស Premier League សារជាថ្មីម្តងទៀតក្រោយបាត់មុខអស់រយៈពេល ២៣ឆ្នាំ គិតចាប់តាំងពីរដូវកាល១៩៩៩ ដែលបច្ចុប្បន្នបានរួមដំណើរជាមួយក្លិប Fulham FC និង AFC Bournemouth សម្រាប់ប្រជែងរដូវកាល២០២២-២៣។

ស្ថិតក្នុងកីឡដ្ឋាន Wembley ក្លិប Nottingham បានយកឈ្នះក្រុម Huddersfield ត្រឹមលទ្ធផល ១-០ ដ្បិតជាគ្រាប់បាល់ធ្វេសប្រហែសរបស់កីឡាករ Levi Colwill ក្នុងការប្រជែងឱកាសឡើងទៅកាន់លីគកំពូលវិញ ដែលមានជាតម្លៃទឹកប្រាក់ប្រមាណ ១៧០លានផោន។

ខណៈនេះសម្រាប់រដូវកាលថ្មីនៃលីគ Premier League ក្លិបដែលត្រូវកាត់ចេញនោះមាន Burnley, Norwich City និងក្លិប Watford ដែលមានក្រុមឡើងជំនួសវិញគឺ Fulham FC, AFC Bournemouth ខណៈដែល Nottingham Forest ជាក្រុមធ្លាប់មានប្រវិត្តល្អៗ ដោយបានលើកពានលីគ First Division (Premier League) និងពានក្របខណ្ឌអឺរ៉ុប European Cup (UEFA Champions League) ២លើកផងដែរ៕